អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមេដឹកនាំដែលគោរពការសន្យាជាមួយពលរដ្ឋ!
សារព័ត៌មាន Cambodia News/
ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានឱ្យដឹងថា ដូចការសន្យា កម្មវិធីគោលនយោបាយអាទិភាព ៦ ចំណុចដែលសម្តេចធិបតី នាយករដ្ឋមន្ត្រីបានប្រកាសកាលពីថ្ងៃទី២៤ សីហា និងបានសន្យាថាត្រូវដាក់ឱ្យអនុវត្តជាបន្ទាន់ក្នុងឆ្នាំ ២០២៣ បានក្លាយជាការពិតអស់ហើយនៅមុនដំណាច់ឆ្នាំ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលគូសបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាមេដឹកនាំដែលមិនមែនសន្យាចោល តែបានប្រែក្លាយការសន្យាឱ្យក្លាយជាការពិតទាំងអស់និងយ៉ាងលឿនរហ័ស។
កម្មវិធីគោលនយោបាយអាទិភាពទាំង៦ចំណុចនោះជារួមមាន៖ ទី១៖ ការផ្តល់សេវាថែទាំសុខភាពឆ្ពោះទៅកាន់ការគ្របដណ្តប់ជាសាកល។ ទី២៖ ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនកូនអ្នកក្រីក្រនិងងាយរងហានីភ័យ។ ទី៣៖ ការពង្រឹងកម្មវិធីជាតិជំនួយសង្គម។ ទី៤៖ យុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ទី៥៖ យន្តការសម្របសសម្រួលនិងកម្មវិធីហិរញ្ញប្បទានដើម្បីជួយកសិករ។ ទី៦៖ ការដាក់ពង្រាយមន្ត្រីជំនាញបច្ចេកទេសកសិកម្មតាមឃុំសង្កាត់ទូទាំងប្រទេស។
កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារដែលត្រូវបានប្រកាសឱ្យអនុវត្តកាលពីព្រឹកថ្ងៃទី ៤ ធ្នូនេះជាកម្មវិធីចុងក្រោយក្នុងចំណោមកម្មវិធីអាទិភាពទាំង៦ ដោយផ្តោតលើគ្រួសារគោលដៅចំនួន៤គឺ៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ។ កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋម និងមធ្យមសិក្សា។ កម្មវិធីឧបត្ថមសាច់ប្រាក់ជូនជនមានពិការភាព និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរាអាយុ ៦០ ឆ្នាំឡើង។ ចំណែកឯកម្មវិធី ៥ ផ្សេងទៀតត្រូវបានប្រកាសឱ្យអនុវត្តរួចរាល់អស់ហើយ។
បើតាមឯកឧត្តម ប៉ែន បូណា គោលដៅចុងក្រោយដែលសម្តេចធិបតី ហ៊ុន ម៉ាណែត ចង់បានគឺមិនទុកឱ្យពលរដ្ឋណាម្នាក់មិនទទួលបានសេវាសុខាភិបាលដោយមូលហេតុគ្មានលុយបង់ថ្លៃសេវា, មិនទុកឱ្យកូនអ្នកក្រខ្វះជំនាញវិជ្ជាជីវៈដោយសារតែគ្មានលុយបង់ថ្លៃសាលា, មិនទុកឱ្យពលរដ្ឋពលរដ្ឋណាម្នាក់ជាពិសេសស្ត្រីមានផ្ទៃពោះ កុមារក្រោមពីរឆ្នាំ ជនមានពិការភាព និងចាស់ជរា ជួបការលំបាកហើយរដ្ឋមិនបានជួយ, មិនផាត់ចោលអ្នកប្រកបរបរក្រៅប្រព័ន្ធចេញពីការជួយឧបត្ថម្ភគាំទ្រពីរដ្ឋាភិបាល, និងមិនទុកឱ្យកសិករជួបការលំបាកនៅក្នុងការប្រកបរបរកសិកម្មដោយមិនទទួលបានការគាំពារនោះឡើយ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលសង្កត់ធ្ងន់ថា នេះជាដំណើរយ៉ាងស្វាហាប់នៃរាជរដ្ឋាភិបាលបន្តវេននៅលើគ្រឹះដ៏រឹងមាំនៃសមិទ្ធផលដែលសាងឡើងដោយសម្តេចតេជោ ហ៊ុន សែន ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ដើម្បីក្លាយជាប្រទេសដែលមានចំណូលខ្ពស់ប្រកបដោយភាពប្រាកដនិយម និងជាក្តីសង្ឃឹមពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរ៕