លោកស្រី មីឆែល អូបាម៉ា​ យក​ប្រជាប្រិយភាព​របស់​លោកស្រី​មកជួយ​គាំទ្រ​ស្វាមី​​​

នៅថ្ងៃអង្គារទី៤កញ្ញាម្សិលមិញ លោកស្រី មីឆែល អូបាម៉ា នាឱកាសថ្ងៃទី មួយនៃសមាជជាតិនៃបក្សប្រជាធិបតេយ្យនៅទីក្រុង ឆារឡុត បានបង្កើតឲ្យមាន ថាមពលដ៏មានប្រសិទ្ធភាពមកជួយគាំទ្របេក្ខជន ប្រធានាធិបតីបារ៉ាក់អូបាម៉ាជា ស្វាមី ដោយបានថ្លែងថា “៤ឆ្នាំនៅសេតវិមានពុំបានប្តូរប្រែលោក អូបាម៉ា ឡើយ ហើយលោកអូបាម៉ាគឺជាមនុស្សតែម្នាក់គត់ដែលអាចជំរុញឲ្យ ស.រ.អា.ដើរ លឿន ទៅមុខនិងបានប្រសើរជាងគេ”។

សកម្មជននៃបក្សប្រជាធិបតេយ្យបាននាំគ្នាទះដៃអបអរទទួល ស្វាគមន៍នៅ យប់ថ្ងៃអង្គារ ម្សិលមិញលោកស្រី មីឆែលអូបាម៉ា នាឱកាសថ្ងៃទីមួយនៃ សមាជជាតិ នៃបក្សប្រជាធិបតេយ្យនៅទីក្រុង ឆារឡុត នៃរដ្ឋការ៉ូលីនខាងជើង។ លោកស្រីភរិយារបស់លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានថ្លែងជាអាទិ៍ថា “ក្រោយពីបួនឆ្នាំនៅសេតវិមាន លោកអូបាម៉ានៅតែជាមនុស្សដដែល លោកពុំបានប្តូរប្រែអ្វីឡើយ ហើយលោកគឺជាមនុស្សដែលចេះគោរព និង ស្រឡាញ់ឧត្តមគតិដ៏ថ្លៃថ្លាដូចជា “ការងារ” “ការអប់រំ” “ភាពសុចរិត” ដូចប្រជាជន អាមេរិកាំងជាច្រើនផងទៀត”។

ក្នុងរយៈពេលប្រមាណ៣០ប្លាយនាទី ភរិយារបស់លោកប្រធានាធិបតីអាមេរិក បារ៉ាក់អូបាម៉ាបាននិយាយនិងសង្កត់ ធ្ងន់ទៅលើបញ្ហាគ្រួសារ ដោយបាន ថ្លែងថា “គ្រួសាររបស់លោកស្រីនិងគ្រួសាររបស់ស្វាមីលោកស្រី ជាអ្នកគ្មាន ប្រាក់កាស គ្មានសម្បត្តិទ្រព្យច្រើន ក៏ប៉ុន្តែលោកស្រីនិងស្វាមីទទួលបានមក វិញនូវសេចក្តីស្នេហាគ្មាន ព្រំដែនពីគ្រួសាររបស់ខ្លួន”។

សុន្ទរកថារបស់លោកស្រីមីឆែលអូបាម៉ាមានគោលបំណងទាក់ទាញស្ត្រី អាមេរិកាំង ហើយនៅទីបំផុត ក៏បានទាក់ទាញប្រជាជនអាមេរិកាំងថ្នាក់កណ្តាល ផងដែរ ដោយហេតុថា គូស្វាមីភរិយាអូបាម៉ាចេះយល់ដឹងពីបញ្ហារបស់ប្រជាជន អាមេរិកថ្នាក់ កណ្តាល ពីព្រោះមីឆែលនិងបារ៉ាក់អូបាម៉ាក៏ជាអ្នកចេញពីថ្នាក់ កណ្តាលផងដែរ។

ហើយម្យ៉ាងទៀត ជាទម្លាប់របស់លោកស្រីមីឆែលអូបាម៉ា លោកស្រីពុំ ដែល ពាក្យសម្តីបោះបោកធ្វើឲ្យប៉ះទង្គិចដល់គណបក្ស សាធារណរដ្ឋ ដែលជាគូប្រជែងឡើយ។ នេះហើយដែលនាំឲ្យប្រជាប្រិយភាពរបស់លោក ស្រីអូបា ម៉ារឹតតែកើនឡើង ខ្ពស់។ ហើយបើប្រសិនជាលោកស្រីមីឆែលអូបាម៉ា ជាបេក្ខ នារីប្រធានាធិបតីអាមេរិក នៅពេលនេះ លោកស្រីប្រាកដជានឹងត្រូវប្រជាជនអាមេរិក បោះឆ្នោតជ្រើសតែងតាំងជា ប្រធានាធិបតីរបស់ខ្លួននៅយប់មិញហើយ៕ ដោយ សៀក សារិន (RFI)

Related Articles

Back to top button
Close
Close