អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ ថ្មីបើកដំណើរការទទួលជើងហោះហើរដំបូងនៅថ្ងៃនេះ

សារព័ត៌មាន​ Cambodia News/

ខេត្តសៀមរាប៖ អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ (ថ្មី) ត្រូវបើកដំណើរការទទួលជើងហោះហើរលើកដំបូង នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។

មន្ត្រីជាន់ខ្ពស់អាកាសចរស៊ីវិលបានបញ្ជាក់ថា តាមការគ្រោងទុកបើគ្មានអ្វីប្រែប្រួលទេ ពិធីសម្ពោធជាផ្លូវការ អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ (ថ្មី) នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយនឹងថ្នាក់ដឹកនាំចិន។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណ១ ១០០ លានដុល្លារអាមេរិក។

ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ (AIAI) មានភាគហ៊ុនិក៖ ១៖ ក្រុមហ៊ុនវិនិយោគយូណាន (Yunnan Investment Group) មានភាគហ៊ុនចំនួន ៧៦.៦%, ២៖ ក្រុមហ៊ុនសំណង់យូណាន (Yunnan Construction Group) មានភាគហ៊ុនចំនួន ២០% និង ៣៖ ក្រុមហ៊ុនគ្រប់គ្រង និងប្រតិបត្តិការអាកាសយានដ្ឋានយូណាន (Yunnan Airport Group) មានភាគហ៊ុនចំនួន ៣.៤%។

អាកាសយានដ្ឋានថ្មី​ ដែលមានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចដាក់ឈ្មោះជាផ្លូវការថា «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport)»៕

 

Related Articles

Back to top button
Close
Close