មន្រ្តី​ជំនាញ​ក្រសួង​ឧស្សា​ហកម្ម​ ដឹក​នាំ​សិក្ខា​កាម​ ចុះ​ទស្សន​កិច្ច​សិក្សា​នៅ​ក្រុម​ហ៊ុន​ទឹក​ត្រី​ លាង​ ទ្បេង​​ផលិត​​ពី​​ត្រី​​កញ្ច្រាញ់​​ច្រាស់​

​សារព័ត៌មាន Cambodia News/

ភ្នំពេញ ៖ ​លោក ទឹម រិទ្ធី ប្រធានការិយាលយ័បណ្តុះបណ្តាលពិគ្រោះយោបល់ និងផលិតភាព នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍ បានដឹកនាំសិក្ខាកាមចំនួន ៣៥ នាក់ ​ចុះទៅទស្សនកិច្ចសិក្សា នៅ​ក្រុម​ហ៊ុន​ទឹក​ត្រី លាង ទ្បេង ហៅទឹកត្រីកញ្ច្រាញ់ច្រាស់​ ដើម្បី​សិក្សា​បន្ថែម​អំពី​ប្រពន្ធ័គ្រប់​គ្រង​សុវត្ថិភាព​ម្ហូប​អាហារនៅ​ក្នុង​ប្រទេស​កម្ពុជា​យើង។

​លោក ទឹម រិទ្ធី បានបញ្ជាក់ថា មូលហេតុដែលជ្រើសយកក្រុមហ៊ុនលាង ទ្បេង ដើម្បីធ្វើទស្សនកិច្ចសិក្សានេះ ដោយ​សារ​ក្រុម​ហ៊ុនទឹកត្រីលាង ទ្បេង ទទួល​បាន​វិញ្ញាបន​បត្រ័​អនុវត្ត​ដោយ​ជោគ​ជយ័​អំពី​ប្រពន្ធ័​គ្រប់​គ្រង​សុវត្ថិភាព​ម្ហូប​អាហារ​រួច​រាល់​ហើយ​ ដូច្នេះ​វាត្រូវនឹងមេរៀនរបស់ពួកយើងក្នុងការដកស្រង់បទពិសោធជាក់ស្តែង និងសរសេររបាយការណ៍។

លោក បន្ត​ថា នេះជាក្រុមហ៊ុនទី៤ហើយ ដែលសិក្ខាកាមយើងបានចុះទស្សនកិច្ចសិក្សា ហើយ​បន្ទាប់​ពីការ​ចុះ​ទស្សនកិច្ច​សិក្សា​ទាំង៤​ក្រុមហ៊ុននេះ គឺបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សិក្ខាកាមរបស់យើង ព្រោះ​យើង​មិន​គ្រាន់​តែ​រៀន​ទ្រឹស្តី​ក្នុងសាលានោះទេ តែយើងបានមកពិនិត្យការអនុវត្តជាក់ស្តែងថែមទៀត។

លោក ទឹម រិទ្ធី បានបញ្ជាក់ថា លោកធ្លាប់មកទីនេះយូរឆ្នាំដែរហើយ ប៉ុន្តែការចុះមកលើកនេះលោកពិនិត្យឃើញថា ក្រុម​ហ៊ុនលា​ង ទ្បេង មានការប្រែប្រួលឬវិវ៎ត្តន៍ច្រើនមែនទែន សំខាន់បរិមាណ និងគុណភាពផលិតផល។ ជាពិសេស​ជាង​នេះ​ទៀត​ក្រុម​ហ៊ុនបានកែច្នៃ និងរចនាកាន់តែមានស្តង់ដាខ្ពស់ទៅៗ ខណ​ដែល​ផលិត​ផល​របស់​ក្រុម​ហ៊ុន​បាន​ដាក់​លក់​នៅ​តាម​ទីផ្សារ សំខាន់ទីផ្សារទំនើបៗនិងទទួលបានការគាំទ្រយ៉ាងខ្លាំង។

យ៉ាងណាក៏ដោយលោកថា ជោគជយ័របស់ក្រុមហ៊ុនលាង ទ្បេង ក៏មិនអាចកាត់ផ្តាច់បានពីការជួយផ្តល់យោបល់ និង​ណែនាំ​ចង្អុល​បង្ហាញពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុរត្តន៍។

តាមការឲ្យដឹងរបស់លោក ទឹម រីទ្ធី ផលិតផលរបស់ក្រុមហ៊ុន លាង ទ្បេង បាន​និង​កំពុង​ត្រៀម​នាំចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស ខណដែលក្រុមហ៊ុងក៏កំពុងត្រៀមយកស្តង់ដាមួយចំនួនទៀតគឺ BCS BRC ជាដើម ដើម្បី​បង្កើន​គុណ​ភាព​ផលិត​ផលទឹកត្រីសម្រាប់ការនាំចេញ។ លោកថាគម្រោងរបស់ក្រុមហ៊ុន ការនាំចេញដំបូងនោះគឺនាំចេញទៅកាន់ទីផ្សារអ៊ឺរ៉ុប ។ ដូច្នេះអាចនិយយាថា នោះជាមោទកភាពមែនទែនសម្រាប់ប្រទេសកម្ពុជា ដែលមានផលិតផលលក់នៅទីផ្សារអ៊ឺរ៉ុប។

លោកប្រធាននាយកដ្ឋានបានអំពាវនាវជាថ្មីទៀត ដល់បងប្អូនប្រជាពលរដ្ឋខ្មែរឲ្យជួយគាំទ្រ និង​ប្រើប្រាស់​ផលិត​ផល​ដែល​ជាស្នាដៃកូនខ្មែរ ហើយផលិតផល​ខ្មែរ​យើង​ឥទ្បូវនេះ​មាន​គុណភាព​ស្តង់​ដា​ខ្ពស់​មិន​ចាញ់ផលិត​ផល​បរទេស​នោះ​ទ្បើយ។​ អ្វីដែលសំខាន់ជាងនេះ ផលិតផលខ្មែរមានតម្លៃទាបជាងផលិតផលនាំចូលពីក្រៅប្រទេសផងដែរ ដែល​អាច​ជួយ​បង​ប្អូនប្រជាពលរដ្ឋបានសន្សុំសំចៃប្រាក់កាសថែមទៀត។

លោកលាង ឡេងប្រធានសហគ្រាសលាង ទ្បេង បានឲ្យដឹងថា សហគ្រាសមួយនេះចាប់ផ្តើមដំណើរការនៅឆ្នាំ២០១១ ហើយផលិតផលរបស់សហគ្រាសរួមមាន ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកខ្មេះ ទឹកម្ទេស ទឹកសៀង និងប្រេងខ្យង។ លោក​បញ្ជាក់​ថា ទោះបីផលិតផលទាំងនោះមិនទាន់ត្រូវបាននាំចេញទៅលក់នៅក្រៅប្រទេស ប៉ុន្តែ​សហគ្រាស​បាននិង​កំពង់​ចរចារ​ជា​មួយ​ដៃគូដើម្បីធ្វើការនាំចេញទៅលក់នៅសហរដ្ឋអាមេរិកនិងកូរ៉េ ក្នុងពេលឆាប់ៗនេះ ហើយលោករំពឹងថា ផលិត​ផល​សហគ្រាសរបស់លោកនឹងទទួលបានការគាំទ្រនៅក្រៅប្រទេសមិនខាន។

លោក​​បន្តថា សហគ្រាសលាង ទ្បេង ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកភាគច្រើន រួម​ទាំង​អ្នក​ជំនាញ​និង​កម្លាំង​ពល​កម្ម​ក្នុង​ស្រុក។ ចំពោះ​ផលិតផល​ដែលបានផលិត​ចេញពី​សហគ្រាស​គឺ​មាន​ស្តង់​ដា​អនាមយ័ខ្ពស់​មិន​ចាញ់​ផលិត​ផល​នាំ​ចូល​នោះ​ទ្បើយ ហើយផលិតផលសហគ្រាសក៏ទទួលបានការទទួលស្គាល់ស្តង់ដា ISO របស់ប្រទេសអង់គ្លេសផងដែរ។

លោកលាង ឡេងប្រធានសហគ្រាសលាង ទ្បេង បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរងាកមកគាំទ្រផលិតផលក្នុងស្រុក ព្រោះ​ថាសព្វថ្ងៃនេះផលិតផលក្នុងស្រុកខ្មែរយើង ទាំងស្តង់ដាអនាមយ័ ទាំង​រស​ជាតិ​មិ​ន​ចាញ់​ផលិត​ផល​នាំ​ចូល​នោះ​ទ្បើយ។

លោកបន្ថែមថា ការងាកមកគាំទ្រផលិតផលក្នុងស្រុក មិន​គ្រាន់​តែ​លើក​ទឹក​ចិត្ត​ដល់​ម្ចាស់​សហគ្រាស​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ ​តែ​ជាការបង្ហាញនូវការរួមចំណែកលើកកម្ពស់ផលិតផលខ្មែរ លើក​កម្ពស់​ជីវភាព​រស​នៅរ​បស់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ថែម​ទៀត៕

Related Articles

Back to top button
Close
Close