ក្លិបអ្នកកាសែតកម្ពុជារៀបចំការប្រកួតប្រជែង​រូប​ថតស្តី​ពី​ «សម្រស់សហគមន៍យើង​​»

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ ការប្រកួតប្រជែងរូបថតស្តីពីសហគមន៍យើង អាចចាត់​ទុកថា ជាការ​ប្រកួតប្រជែង​លើក​ដំ​បូង​ ហើយ​ក៏​ជា​ឱកាស​សម្រាប់​អ្នក​សារព័ត៌មាន និងអ្នកថតរូប​ឯករាជ្យ ដែលធ្វើកិច្ចការពាក់ព័ន្ធជាមួយសារព័ត៌ មានក្នុង​ការបង្ហាញ​ស្នាដៃ​ថត​រូបដ៏ល្អឯក ដើម្បី​ដណ្តើម​ពាន​រង្វាន់​។

ក្រោយពីពិភាក្សាលើសកម្មភាពជាច្រើនរបស់ក្លិបអ្នកកាសែតកម្ពុជា ​(ក.អ.ក) ​និងដោយមានកិច្ចសហការ​គាំទ្រ​ពីក្រុមហ៊ុន CP ALL (Cambodia) Co., Ltd. ក.អ.ក នឹង​រៀប​ចំ​ការ​ប្រកួត​ប្រជែង​រូប​ថត​ក្រោម​ប្រធាន​​បទ​ «ផ្សព្វផ្សាយ​សម្រស់​សហគមន៍យើង​» ឬជាភា​សាអង់គ្លេស​ «Promote the Beauty of Our Community» សម្រាប់​អ្នក​សារព័ត៌មាន ដែល​កំ​ពុង​បំ​ពេញ​ការងារ​នៅ​តាម​អង្គភាព​ទូរទស្សន៍ វិទ្យុ កាសែត    បោះ​ពុម្ភ សារ​ព័ត៌​មាន​​អន​ឡាញ​ និង​អ្នក​សារព័ត៌មានឯករាជ្យ (Freelance Journalists) នៅ​កម្ពុជា​។

គោល​បំ​ណង​នៃការរៀបចំការប្រកួតប្រជែង​រូប​ថតស្តី​ពី​ «សម្រស់សហគមន៍យើង​​» នេះឡើងគឺ ​ដើម្បី​បំផុស​ចលនាប្រកួតប្រជែង​ស្នាដៃ​រូបថតល្អៗ និង​លើក​ទឹក​ចិត្ត​អ្នក​សារព័ត៌មាន​រួម​​​​ទាំងផ្តល់​    ឱកាស​ដល់​អ្នក​សារព័ត៌មាន ក៏ដូចជាអ្នកថតរូប​ឯករាជ្យ ដែលធ្វើកិច្ចការពាក់ព័ន្ធជាមួយសារព័ត៌​មានក្នុង​​ការ​ចូល​រួម​ដណ្តើម​ពានរង្វាន់​ឆ្នើម​សម្រាប់​ឆ្នាំ​២០២៣​ និងផ្សព្វផ្សាយអំពីសម្រស់ និងបរិស្ថានល្អៗ​របស់​សហគមន៍។

លក្ខខណ្ឌនៃ​ការ​ចូល​រួម​​

រូប​ថតដែល​អាចដាក់បញ្ចូល​ក្នុង​ការ​ប្រកួត​ប្រជែង​ត្រូវ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ដូច​ខាង​​ក្រោម៖

១/ ជា​ស្នាដៃ​ផ្ទាល់​របស់​អ្នក​ចូល​រួម​ប្រកួត​។

២/ ជា​រូប​ថត​ដែលមិន​មាន​ការ​រៀប​ចំ​ដើម្បី​ថត​ ឬកែ​ (Edit) ។

៣/ ជារូប​ថតដែល​បង្ហាញ​ពី​សម្រស់​ធន​ធាន​ធម្មជាតិ​ តំ​បន់រមណីយដ្ឋាន​ទេស​ចរណ៍ អេកូទេស​​​ចរណ៍ ឬបង្ហាញពីបរិស្ថានស្អាត និងការអភិវឌ្ឍ។

៤/ ជារូប​ថត​ដែល​​បាន​​បង្ហាញ​នូវ​ភាព​ទាក់​ទាញ​ និង​មាន​អត្ថន័យ​ទាក់​ទង​នឹង​ប្រធាន​បទ​​។

៥/​ ជារូប​ថត​ដែល​ត្រូវបាន​ចុះ​ផ្សាយ​ក្នុង​អង្គភាព​របស់​ខ្លួន​ ឬ​អង្គភាព​​សារព័ត៌មាន​ណា​មួ​យ​ចាប់​ពីថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ២០២២ ដល់​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២៣។

ពាន​រង្វាន់

១- ជ័យ​លាភីលេខ១ នឹង​ទទួល​បាន​ថវិកាចំនួន​ ៣លាន​រៀល​ និងពាន​១

២- ជ័យ​លាភីលេខ​២ នឹង​ទទួល​បាន​ថវិកាចំនួន ​២លាន ៥សែន​រៀល និងពាន​១

៣- ​ជ័យ​លាភីលេខ​៣ នឹង​ទទួល​បាន​ថវិកាចំនួន​ ២លាន​រៀល និងពាន​១

៤- ជ័យ​លាភីលេខ​៤ នឹង​ទទួល​បាន​ថវិកាចំនួន​ ១លាន ៥សែន​រៀល និងពាន​១

៥- ជ័យ​លាភីលេខ​៥ នឹង​ទទួល​បាន​ថវិកាចំនួន​ ១លាន​រៀល និងពាន​១

បេក្ខជន​ត្រូវ​ផ្ញើរូប​ថត ដែល​ត្រូវ​ចូល​រួម​ប្រកួត​ជា​សន្លឹក ឬជា Files ចំ​នួន៣សន្លឹក​ដោយ​​ភ្ជាប់​សំ​ណៅ​ដើម​ ដែល​បាន​បង្ហាញ​ថា រូប​ថត​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​រួច​ហើយ​ក្នុង​អង្គភាព​សារ​ព័ត៌​មាន​​ណាមួយ​មក​កាន់​ក្លិប​អ្នក​កាសែតកម្ពុជា​ ដែល​មាន​អាសយ​ដ្ឋាន​ផ្ទះ​លេខ​១២ ផ្លូវ​លេខ​៥ (បុរីប៉េង​ហួត​​​មុខ​ផ្សារ​ប៉េសេ ផ្លូវ​៣៧១) សង្កាត់​ចាក់​អង្រែលើ​ ខណ្ឌមាន​ជ័យ​ រាជធានីភ្នំ​ពេញ​ ឲ្យ​បាន​មុន ​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០២៣។

បញ្ជាក់ ៖ សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់​ទង​ការ​ប្រកួត​​នេះ​ សូម​ទំនាក់​ទំនង​តាម​រយៈ​ទូរស័ព្ទ ឬ​តេឡេ​​​ក្រាម​​លេខ​៖ ០១២ ៨៩៥ ៨​៥៣, ០១៧ ៣៩៧​ ២៩៤, ០៧៧ ៤៨០ ១៧១៕

 

 

Related Articles

Back to top button
Close
Close