សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា គ្មានការបិទហ្វេសបុកពីកម្ពុជានោះទេ
សារព័ត៌មាន Cambodia News/
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាស ថាគ្មានការបិទបណ្ដាញទំនាក់ទំនងសង្គមហ្វេសបុក ពីប្រទេសកម្ពុជានោះទេ។ សម្ដេចបានលើកឡើងថាការវាយតម្លៃថាសម្ដេចនិងបិទ facebook ពីកម្ពុជាគឺជាការវាយតម្លៃដែលខុសឆ្គងមួយ។
ក្នុងសារសំឡេងពិសេសនៅយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចបានសម្រេចលុបទំព័រ facebook របស់សម្ដេចចេញដោយសារតែមានការអាខោនក្លែងក្លាយបន្លំច្រើន និងមានបញ្ហាច្រើនដែលត្រូវការពារ។ សម្ដេចលើកឡើងថា ការលុបចោលនេះក៏ដើម្បីឆ្លើយតបទៅនឹងវិធានការរបស់ក្រុមហ៊ុន META ដែលចង់ផ្អាកទំព័រ facebook សម្ដេចរយៈពេល ៦ខែផងដែរ។
សម្ដេចបានបង្ហាញការមិនពេញចិត្តចំពោះក្រុមហ៊ុនមេត្តាដោយថាមានភាពលំអៀង ខណៈក្រុមប្រឆាំងបានប្រើប្រាស់ភាសាញុះញង់ ភាសាសង្គ្រាម និងប្រមាថដល់អង្គព្រះមហាក្សត្រ ក៏ប៉ុន្តែមិនត្រូវបានក្រុមហ៊ុននេះមានវិធានការនោះទេ។
សម្ដេចបានបន្ថែមថា ណាមួយដោយសារតែពេលនេះសម្ដេចបានប្រើប្រាស់ច្រើនទៅលើបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាមដែលបានផ្ញើសារជូនប្រជាពលរដ្ឋនិងមតិយោបល់ផ្សេងៗរបស់សម្ដេច ដូច្នេះសម្ដេចមិនចាំបាច់ពឹងតែលើ facebook ទៀតនោះទេ។
សម្ដេចថា៖ «ហើយបណ្ដាញរបស់ខ្ញុំនេះ គ្មានហ្វេសប៊ុកណាមករករឿងខ្ញុំទៀតទេ។ ចាប់ពីថ្ងៃនេះទៅខ្ញុំមិនចាំបាច់គោរពនូវវិធានរបស់ហ្វេសប៊ុកនោះទេ។ អតីតប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំត្រូវបានគេព្យូរ facebook សម្រាប់ខ្ញុំមិនចាំបាច់ឲ្យអ្នកណាមកព្យួរនោះទេ គឺខ្ញុំលុបចោលខ្លួនឯងដល់មិនចាំបាច់ឲ្យក្រុមប្រឹក្សាភិបាលក្រុមហ៊ុន facebook យកទៅពិចារណាថាគួរព្យួរឬមិនព្យួរ។ មានអីត្រូវព្យួរទៀតបើខ្ញុំអត់មានផង»។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាមិនមានការបិទ facebook ពីកម្ពុជានោះទេខណៈដែលរដ្ឋអាចត្រឹមមានវិធានការមិនឲ្យមានអ្នកតំណាងក្រុមហ៊ុននេះនៅក្នុងស្រុកតែប៉ុណ្ណោះ។
ក្នុងពេលជាមួយគ្នានោះ សម្ដេចបានផ្ដាំទៅក្រុមប្រឆាំងថា ពួកគេមិនទាន់យល់ និងស្គាល់ពីសម្ដេចតេជោច្បាស់ទេដែលមិនអាចធ្វើអ្វីឲ្យប៉ះពាល់ទៅដល់សម្ដេចបាន។
សម្ដេចដឹងថាក្រុមប្រឆាំងពិតជាឆ្លៀតឱកាសយករឿងនេះដើម្បីឲ្យប្រជាជនមានការថ្នាំថ្នាក់ជាមួយនឹងសម្ដេច ក៏ប៉ុន្ដែសម្ដេចបានយល់នឹងស្គាល់ពីតម្រូវការរបស់ប្រជាជន ខណៈក្រុមប្រឆាំងមិនអាចពិចារណាឬយល់អំពីសម្ដេចបាននោះទេទើបក្រុមនេះមិនអាចនឹងឈានជើងចូលកម្ពុជាបាន៕