មេដឹកនាំ MFP៖ បក្សភឿថៃ និងបក្សចលនាឆ្ពោះទៅមុខអាចបង្កើតរដ្ឋាភិបាលបាន
សារព័ត៌មាន Cambodia News/
បាងកក៖ មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ (MFP) លោក ភីថា លីមចារឿនរ៉ាត់ (Pita Limjaroenrat) បានទទួលស្គាល់ថា គណបក្សរបស់លោកនឹងបង្កើត រដ្ឋាភិបាលចម្រុះមួយជាមួយគណបក្សភឿថៃ និងគណបក្សប្រឆាំងដទៃទៀត ហើយនឹងមិនចូលរួមជាមួយគណបក្សគាំទ្រដោយយោធាថៃនោះទេ។
បើតាមលទ្ធផលបោះឆ្នោតបឋម គណបក្សចលនាឆ្ពោះទៅមុខទទួលបានអាសនៈនៅឯរដ្ឋសភា ឬសភាជាន់ទាបចំនួន ១៥១អាសនៈ ភឿថៃបាន ១៤១អាសនៈ ហើយគណបក្ស Palang Pracharath បានត្រឹមតែ៤១អាសនៈ និងគណបក្សថៃរួបរួមជាតិ បាន ៣៦អាសនៈតែប៉ុណ្ណោះ។ ចំណែកឯ គណបក្សភូមិចៃថៃ (Bhumjaithai Party) ទទួលបាន៧០អាសនៈ។
ថ្លែងនៅបន្ទាប់ពីការប្រកាសលទ្ធផលបោះឆ្នោតបឋមកាលពីថ្ងៃអាទិត្យ ទី១៥ ខែឧសភា លោក ភីថា បានបញ្ជាក់ថាគណបក្សចលនាឆ្ពោះទៅមុខ (MFP) និងគណបក្សភឿថៃ អាចនឹងទទួលបានប្រមូលបានអាសនៈគ្រប់គ្រាន់នៅក្នុងរដ្ឋសភា ដើម្បីបង្កើតរដ្ឋាភិបាល។