សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា១ម៉ឺនដុល្លារ ជូនកីឡាការិនី ប៊ូ សំណាង
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «បើទោះជាខ្ញុំកំពុងប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេសុី តែខ្ញុំក៏នៅបន្តតាមដានការប្រកួតកីឡាសុីហ្គេម លើកទី៣២ នៅកម្ពុជា យើងបានដែរ។ រឿងដែលគួរឲ្យចាប់អារម្មណ៍ គឺកីឡាការិនី ប៊ូ សំណាង រត់ក្រោមដំណក់ទឹកភ្លៀង រហូតដល់ទីបញ្ចប់ ទោះបីជាខ្លួនមិនជាប់ចំណាត់ថ្នាក់ក៏ដោយ។
ដើម្បីលើកទឹកចិត្តសម្រាប់ការអត់ធ្មត់ដល់កីឡាការិនី ប៊ូ សំណាង ដែលរត់ក្រោមដំណក់ទឹកភ្លៀងរហូតដល់ទីបញ្ចប់ទោះបីជាខ្លួនមិនជាប់ចំណាត់ថ្នាក់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រកាសពីការឧបត្ថម្ភថវិកាចំនួន១ម៉ឺនដុល្លារ ដោយសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថវិកា១ម៉ឺនដុល្លារនេះ សម្ដេចបានចាត់ឲ្យលោក សេង ទៀង ជាអ្នកយកថវិកានេះដោយផ្ទាល់ជូនកីឡាការិនី ប៊ូ សំណាង។
សូមជម្រាបថា តាមរយៈវីដេអូ ដែលកំពុងល្បីលើបណ្តាញសង្គម កីឡាការនី ប៊ូ សំណាង ដែលប្រកួតលើវិញ្ញាសារត់ ៥០០០ម៉ែត្រ បានប្រឹងប្រែងពុះពារក្រោមដំណក់ទឹកភ្លៀង ទោះដឹងថាមិនបានមេដាយក្តី ក៏នាងមិនបោះបង់ការប្រកួតដែរ ដោយនាងរត់ម្នាក់ឯងក្រោមដំណក់ទឹកភ្លៀង រហូតទាល់តែដល់គោលដៅ៕