ឯកឧត្តម ហ៊ុន ម៉ាណែត អំពាវនាវឱ្យសាធារណជនប្រុងប្រយ័ត្ន ចំពោះជនអនាមិក ដែលយកឈ្មោះ និងរូបរបស់ឯកឧត្តម ទៅបង្កើតហ្វេសប៊ុកក្លែងក្លាយ
សារព័ត៌មាន Cambodia News/
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ បាន អំពាវនាវឱ្យសាធារណជនមានការប្រុងប្រយ័ត្ន ចំពោះជនអនាមិកមួយចំនួន ដែលយកឈ្មោះ និងរូបរបស់ឯកឧត្តម ទៅបង្កើតហ្វេសប៊ុកក្លែងក្លាយក្នុងគោលបំណងណាមួយ។
តាមរយៈបណ្តាញសង្គម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបង្ហាញអំពីគណនីក្លែងក្លាយដែលបន្លំប្រើប្រាស់ឈ្មោះ និងរូបរបស់លោក ហើយបង្ហាញគណនីផ្លូវការពិតប្រាកដរបស់លោក ដើម្បីកុំឱ្យសាធារណជនមានការភាន់ច្រឡំ។
នាយឧត្តមសេនីយ៍បានលើកឡើងដូច្នេះថា៖ «សេចក្តីជូនដំណឹងសូមបងប្អូនសាធារណៈជនទាំងអស់មេត្តាជ្រាបថា មានជនអនាមឹកបានបន្តក្លែងបន្លំដោយបង្កេីតគណនីក្លែងក្លាយ និងបានផ្ញេីសារទៅបងប្អូនពូមីង តាយាយក្នុងគោលបំណងណាមួយ។
អាស្រ័យហេតុនេះ សូមបងប្អូនសាធារណជនមេត្តាជ្រាប និងប្រុងប្រយ័ត្នចំពោះជនបោកប្រាស់ ដែលតែងបានបង្កេីតគណនីក្លែងក្លាយយកឈ្មោះ និងរូបភាពថ្នាក់ដឹកនាំដេីម្បីផ្ញេីសារ ឬធ្វេីសកម្មភាពក្នុងគោលបំណងអាក្រក់ផ្សេងៗ»៕