បណ្ឌិត ហ៊ុន ម៉ាណែត៖ សមិទ្ធ​ផល​សំខាន់ៗ​ទាំង​អស់ ​គឺ​កើត​ពី​អំណោយ​ផល​នៃ​សុខ​សន្តិភាព​

​សារព័ត៌មាន Cambodia News/

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល និង​ជា​ប្រធាន​យុវជន​គណ​បក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានលើកឡើងថា សមិទ្ធផលសំខាន់ៗទាំងអស់នេះ គឺសុទ្ធ​តែ​កើត​ពីអំណោយ​ផល​នៃ​សុខសន្តិភាព ដែលជាបរិស្ថានគ្រប់ដណ្តប់ចាំបាច់សម្រាប់ការងារស្តារកសាង និងអភិវឌ្ឍលើគ្រប់វិស័យឡើងវិញ នៅ​ក្រោយថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ និងការបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលនៅកម្ពុជាក្នុងឆ្នាំ១៩៩៨ ក្រោម​នយោបាយឈ្នះឈ្នះ។

ឯកឧត្តមថ្លែងបែបនេះក្នុងឱកាសសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ជាថ្នាក់ដឹកនាំ និងបុគ្គលិករបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣។

ឯកឧត្តមបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងបុគ្គលិករបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ សរុប​ប្រមាណជាង១ពាន់នាក់ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកក្នុងភារៈជាអ្នកសង្គ្រោះ និងការពារអាយុជីវិតប្រជាពលរដ្ឋ ចូលរួមក្នុងពិធីជួបជុំប្រកបដោយអត្ថន័យ និងភាព​សប្បាយ​រីករាយ​ក្នុង​លក្ខណៈ​ជា​មហា​គ្រួសារ​គណបក្ស​ប្រជាជន​កម្ពុជា​រាជ​ធានីភ្នំពេញនាថ្ងៃនេះ។

ឯកឧត្តមបានបន្តថា ពិតណាស់ ស្ថានភាពនៃការជួបជុំក្នុងថ្ងៃនេះ គឺ​មាន​លក្ខណៈ​ខុស​ផ្ទុយ​គ្នា​ស្រឡះពី​ស្ថាន​ភាព​កាលពី​ជាង​២ឆ្នាំមុន ខណៈដែលរាជធានីភ្នំពេញនៅពេលនោះកំពុងប្រឈមនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ ដោយ​សារ​ការ​ផ្ទុះ​ឡើង​នៃព្រឹត្តិការណ៍ ២០ កុម្ភៈ ហើយ​ដែល​យើង​ទាំង​អស់​គ្នាពិត​ជាមាន​ការ​ព្រួយបារម្ភ​ចំពោះ​ការវិវត្ត​ទៅមុខ​នៃ​ស្ថាន​ការណ៍ ​ដែលពិបាកនឹងប៉ាន់ស្មាន ជាពិសេសបើប្រៀបទៅនឹងភាពច្របូកច្របល់ ដែល​បាន​កើត​មាន​នៅ​ក្នុង​បណ្តា​ប្រទេស​នានាជាច្រើនក្នុងតំបន់ និងសាកលលោកនាពេលនោះ។

រាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនប្រែមុខមាត់ទាំងផ្នែកសំណង់អគារ, ហេដ្ឋារចនាសម្ព័ន្ធរូបវ័នុ្ត, សេវាអគ្គិសនី, សេវាទឹកស្អាត, សេវាអប់រំ, សេវាសុខាភិបាល, សន្តិសុខ និងសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ព្រម​ទាំង​សេវា​កម្ម​ចម្រុះសម្បូរបែបជាច្រើនផ្តល់ដោយវិស័យឯកជន ហើយពិតស័ក្តិសមជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា និង​ជា​ចំណុច​​នៃសរសៃឈាមប្រមូលផ្តុំគ្រប់ផ្នែកគ្រប់វិស័យរបស់ជាតិ ទាំងនយោបាយ សេដ្ឋកិច្ច ការទូត ពាណិជ្ជកម្ម ទេសចរណ៍ សង្គម និងវប្បធម៌។

ឯកឧត្តមថ្លែងថា «សមិទ្ធផលសំខាន់ៗទាំងអស់នេះ គឺសុទ្ធតែកើតពីអំណោយផលនៃសុខសន្តិភាព ដែល​ជា​បរិស្ថាន​គ្រប់​ដណ្តប់ចាំបាច់សម្រាប់ការងារស្តារកសាង និងអភិវឌ្ឍលើគ្រប់វិស័យឡើងវិញ នៅក្រោយថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ និងការបញ្ចប់ទាំងស្រុងនូវសង្គ្រាមស៊ីវិលនៅកម្ពុជាក្នុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះ»៕

 

Related Articles

Back to top button
Close
Close