ល្ងាចនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីបិទការប្រកួតកីឡាជាតិលើក៣ និងកីឡាជនពិការជាតិលើកទី១
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ នៅល្ងាច ថ្ងៃពុធ ៧កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិ លើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
សូមជម្រាបថា ពិធីបើកព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី។
ការប្រកួតកីឡាជាតិលើកទី៣ មានកីឡា៣៨ប្រភេទ និងកីឡាប៉ារ៉ាហ្គេម ឬកីឡាជនពិការជាតិ មាន៧ប្រភេទ ដោយមានកីឡាករកីឡាការិនីចូលរួមប្រកួតប្រជែង មកពីរាជធានី ខេត្ត និងក្រសួងចំនួន២៨។ ការប្រកួតចាប់ផ្តើមពីថ្ងៃទី១៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ ពិធីបិទព្រឹត្តិការណ៍កីឡាជាតិ និងកីឡាជនពិការនាល្ងាចនេះ នឹងមានការអញ្ជើញចូលរួមពីមហាជនយ៉ាងច្រើនកុះករ ព្រមទាំងមានកម្មវិធីសំខាន់ៗ និងទាក់ទាញជាច្រើនទៀតផងដែរ៕