សម្តេចតេជោ ​ដឹកនាំគណៈ​ប្រតិភូជាន់​ខ្ពស់​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំកំពូល​ G20 នៅ​ឥណ្ឌូនេស៊ី ​និង​កិច្ច​ប្រជុំ​ APEC ​នៅ​ប្រទេស​ថៃ

​សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់ការងារដ៏មមាញឹកមិនទាន់ទាំងបានសម្រាកផង នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូល G20 នៅប្រទេសឥណ្ឌូនេស៊ី និងកិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំ APEC នៅទីក្រុងបាងកក ប្រទេសថៃ ។

តាមការគ្រោងទុក នៅក្នុងកិច្ចប្រជុំG20​ សម្តេចតេជោនឹងថ្លែងបទអន្តរាគមន៍ក្នុងសម័យប្រជុំទី១ ស្តីពីសន្តិសុខស្បៀង និងថាមពល និងសម័យប្រជុំទី២ ស្តីពីបញ្ហាសុខភាព ដែលនឹងសង្កត់ធ្ងន់លើសារសំខាន់នៃពហុភាគី និយម និងកិច្ចសហការគ្នាឆ្ពោះទៅរកគោលដៅនៃការស្តារឡើងវិញប្រកបដោយចីរភាពក្រោយជំងឺរាតត្បាត​ Covid-19។ ក្នុងអំឡុងពេលស្នាក់នៅឥណ្ឌូនេស៊ី សម្តេចតេជោនឹងជួបជាមួយបណ្ដាមេដឹកនាំមួយចំនួននៅទីនោះផងដែរ។

ដំណើរបេសកកម្មការងារក្រៅប្រទេសពេលនេះ សម្តេចតេជោ ហ៊ុន សែន នឹងចំណាយពេលក្រៅប្រទេសប្រមាណជា ៤ថ្ងៃទៀត រហូតដល់យប់ថ្ងៃទី១៨ ខែវិច្ឆិកា ទើបសម្តេចអញ្ជើញត្រឡប់មកវិញ។

យោងតាមក្រសួងការបរទេស បានឱ្យដឹងថា អមដំណើរសម្តេចតេជោ ចូលរួមកិច្ចប្រជុំអន្តរជាតិសំខាន់ទាំង២នេះ រួមមាន ៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលផ្សេងទៀត។

សម្រាប់ការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលG20 គឺតបតាមការអញ្ជើញរបស់ លោក ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងជាប្រធាននៃកិច្ចប្រជុំកំពូល G20 ក្នុងឆ្នាំ២០២២។ កិច្ចប្រជុំកំពូល G20 នឹងប្រព្រឹត្តិទៅពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។

សម្រាប់កិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំ APEC វិញ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឋានៈជាភ្ញៀវរបស់ប្រធានកិច្ចប្រជុំកំពូល នឹងអញ្ជើញចូលរួមក្នុង «កិច្ចសន្ទនាក្រៅផ្លូវការរបស់ថ្នាក់ដឹកនាំ APEC ជាមួយភ្ញៀវ» នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងបាងកក តបតាមការអញ្ជើញរបស់ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ នឹងថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចសន្ទនាក្រៅផ្លូវការនេះ ដោយផ្តោតលើការរីកចម្រើនប្រកបដោយចីរភាព។ សម្តេចតេជោ ក៏នឹងថ្លែងសុន្ទរកថានៅក្នុងសម័យប្រជុំទី២ ស្តីពី «ការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគប្រកបដោយចីរភាពរវាង APEC និងដៃគូពាណិជ្ជកម្ម»៕

Related Articles

Back to top button
Close
Close