ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំអាស៊ាន អញ្ជើញបើកកិច្ចប្រជុំកំពូលអាស៊ានជាផ្លូវការ
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន ក៏ដូចជាមេដឹកនាំកំពូល របស់អាស៊ាន អញ្ជើញបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ជាផ្លូវការ។ ពិធីដ៏មហោឡារិកនេះនឹងប្រព្រឹត្តទៅ នៅសណ្ឋាគារសុខាភ្នំពេញ។
បន្ទាប់ពីពិធីបើកកិច្ចប្រជុំកំពូលអាស៊ានជាផ្លូវការហើយនោះ សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំកំពូលរបស់អាស៊ានដទៃទៀត អញ្ជើញទស្សនាពិព័រណ៍រូបថតបង្ហាញពីការរួមចំណែករបស់កម្ពុជាក្នុងអាស៊ាន ក្រោយពេលក្លាយជាសមាជិកអាស៊ាន រយៈពេលប្រមាណ២៣ឆ្នាំកន្លងមកនេះ។
បន្ទាប់ពីពិធីទាំងពីរខាងលើនេះទៅ សម្តេចតេជោ ហ៊ុន សែន ព្រមទាំងប្រមុខដឹកនាំរដ្ឋ/រាជរដ្ឋាភិបាល សមាជិកអាស៊ាន អញ្ជើញចាប់ផ្តើមកិច្ចប្រជុំកំពូលលើកទី៤០ និងកិច្ចប្រជុំកំពូល៤១។
នៅពេលរសៀលថ្ងៃដដែលនោះ សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំអាស៊ាន ព្រមទាំងមេដឹកនាំនៃប្រទេសដៃគូសន្ទនារបស់អាស៊ាន នឹងចាប់ផ្តើមនូវកិច្ចប្រជុំសំខាន់ៗមួយចំនួនទៀតរួមមាន៖ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥, កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូង លើកទី២៣ និងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី១២។ ក្រៅតែពីកិច្ចប្រជុំខាងលើទៅ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាបណ្តាមេដឹកនាំប្រទេស និងអង្គការអភិវឌ្ឍន៍ ដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជាផងដែរ។
សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០,៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលរៀបចំឡើងជាលើកទី៣ នៅកម្ពុជាក្នុងនាមជាប្រធានប្តូរវេន នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី១០ ដល់១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ព្រឹត្តិការណ៍កិច្ចប្រជុំកម្រិតកំពូលដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៤ថ្ងៃនេះ រួមមាន ៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥, កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥, កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣, កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ ,កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា, កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០, កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២, កិច្ចប្រជុំកំពូលរំព្ញកខួប នៃទំនាក់ទំនងអាស៊ាន-កាណាដា និង កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (អាស៊ាន១០ ចិន អាមេរិក រុស្ស៊ី ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ឥណ្ឌា នូវ៉ែលហ្សេឡង់) លើកទី១៧៕