នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមសោកស្ដាយ និងរំលែកទុក្ខជាមួយរដ្ឋាភិបាល និងប្រជាជនកូរ៉េខាងត្បូង ចំពោះឧបទ្ទវហេតុផ្អើលរត់ជាន់គ្នា
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញលិខិតចូលរួមសម្តែងការសោកសៅជាខ្លាំងចំពោះឧបទ្ទវហេតុសោកនាដកម្មផ្អើលរត់ជាន់គ្នារបស់ប្រជាពលរដ្ឋកូរ៉េខាងត្បូង បណ្ដាលឲ្យស្លា.ប់ និងរបួសច្រើនរយនាក់ នៅក្នុងសង្កាត់ អ៉ីថេវ៉ុន ក្រុងសេអ៊ូល កាលពីយប់ថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០២២។
បើតាមខ្លឹមសារលិខិតសម្ដែងការសោកស្ដាយ និងចូលរួមរំលែកមរណទុក្ខផ្ញើជូនប្រធានាធិបតីកូរ៉េខាងត្បូង, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងថា តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងក្តីអាណិតអាសូរយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះឯកឧត្តម និងតាមរយៈឯកឧត្តម ជូនចំពោះប្រជាជននៃសាធារណរដ្ឋកូរ៉េ ជាពិសេសក្រុមគ្រួសារដែលបាត់បង់មនុស្សជាទីស្រឡាញ់។ ខណៈដែលកម្ពុជានៅជាមួយសាធារណរដ្ឋកូរ៉េ ក្នុងគ្រាដ៏សោកសៅនេះ ខ្ញុំសូមជូនពរឱ្យអ្នកដែលរងរបួសទាំងអស់ឆាប់បានជាសះស្បើយ។
ហេតុការណ៍មនុស្សផ្អើលរត់ជាន់គ្នាស្លា.ប់ និងរបួសខាងលើនេះ ជាព្រឹត្តិការណ៍នៃពិធីបុណ្យ Halloween បានកើតឡើងនៅសង្កាត់អ៉ីថេវ៉ុន (Itaewon) នៃរដ្ឋធានីសេអ៊ូល ជា តំបន់ពេញនិយមជាខ្លាំង សម្រាប់ការដើរកម្សាន្តពេលរាត្រី, ហើយតួលេខចុងក្រោយបំផុតពីអាជ្ញាធរកូរ៉េខាងត្បូង គឺមនុស្សចំនួន ១៥៣នាក់ បានស្លា.ប់ ក្នុងនោះមានជនបរទេស ២២នាក់ ខណៈអ្នករបួសមាន ៨២នាក់៕