មនុស្សជាង ១០០នាក់បានស្លាប់ក្នុងហេតុការណ៍បាក់ស្ពានទើបជួសជុលថ្មីនៅឥណ្ឌា
សារព័ត៌មាន Cambodia News/
ញូដេលី ៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២ នេះ អាជ្ញាធរនៅក្នុងប្រទេសឥណ្ឌាបានឱ្យដឹង ចំនួនមនុស្សស្លាប់នៅក្នុងហេតុការណ៍បាក់ស្ពានមួយកន្លែង នៅក្នុងរដ្ឋ ហ្គូចារ៉ាត់ (Gujarat) ស្ថិតនៅភាគខាងលិចនៃប្រទេសបានកើនដល់ ១២០នាក់ហើយ។
កាលពីថ្ងៃអាទិត្យ នៅពេល ដែលស្ពាននេះបានបាក់រលំ មានមនុស្សជាង ៤០០នាក់ ត្រូវបានគេរាយការណ៍ថាបានស្ថិតនៅលើស្ពានឆ្លងទន្លេ ម៉ាឈូ (Machhu) ស្ថិតនៅក្នុងទីក្រុង ម័រប៊ី (Morbi) ។
ថ្លែងប្រាប់ AFP មន្ត្រីក្នុងតំបន់ម្នាក់បានបញ្ជាក់ដូច្នេះថា «យើងបានរកឃើញសាកសពមនុស្ស ១២០នាក់ហើយ មកទល់នឹងពេលនេះ រីឯចំនួនអ្នកស្លាប់អាចនឹងមានច្រើនជាងនេះ ខណៈប្រតិបត្តិការជួយសង្រ្គោះកំពុងបន្តធ្វើឡើងនៅឡើយ»។
សូមជម្រាបថា ស្ពានខាងលើមានទីតាំងស្ថិតនៅក្នុងទីក្រុង Morbi ស្ថិតនៅចម្ងាយប្រហែលជា ២០០គីឡូម៉ែត្រពីទីក្រុង អះម៉េដាបាដ (Ahmedabad) នៃរដ្ឋ ហ្គូចារ៉ាត់ ប៉ុន្តែ មិនទាន់មានការបញ្ជាក់ពីមូលហេតុបណ្ដាលឱ្យស្ពានប្រវែង ២៣០ម៉ែត្រនេះដែលសាងសង់ក្នុងស.វទី១៩ បាក់រលំនៅឡើយទេ៕