សម្ដេចតេជោ ហ៊ុន សែន ៖ ដើម្បីធានាសន្ដិភាពបាន គឺបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា
សារព័ត៌មាន Cambodia News/
ខេត្តបាត់ដំបង ៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាកសិកររងគ្រោះ ដោយទឹកជំនន់ចំនួន ១១.៥២៨ គ្រួសារ ក្នុងខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានបន្ដណែនាំដល់ប្រជាពលរដ្ឋ ត្រូវខិតខំថែរក្សាសន្ដិភាពឱ្យខាងតែបាន ទោះបីក្នុងតម្លៃណាក៏ដោយ ព្រោះថា កម្ពុជានាពេលបច្ចុប្បន្ននេះ មានសន្ដិភាពយ៉ាងពេញលេញ។
សម្ដេចតេជោបានបញ្ជាក់ថា «ដើម្បីធានាថា មានសន្ដិភាព រក្សាសន្ដិភាពបាន ជម្រើសតែមួយគត់ គឺបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា អាហ្នឹងសុខទាំងអស់គ្នាហើយ។ គណបក្សប្រជាជន បានគ្រប់គ្រងអំណាច គឺគណបក្សប្រជាជន រកសន្ដិភាពឱ្យប្រទេសបាន គណបក្សប្រជាជនកម្ពុជាកាន់អំណាច គណបក្សប្រជាជនមាន លទ្ធភាពរក្សាសន្ដិភាពបាន សម្រាប់ការពារជីវិតរបស់បងប្អូន»។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ហើយសម្តេចក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខជាបន្តទៀត។
សម្ដេចតេជោ បង្ហាញក្ដីសង្ឃឹមថា ការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ ប្រជាពលរដ្ឋខ្មែរនឹងបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជាបន្ដទៀត។ សម្ដេចបានប្រកាសថា សម្ដេចមិនទៅណាចោលប្រជាពលរដ្ឋខ្មែរឡើយ គឺនៅជាប់ជាមួយប្រជាពលរដ្ឋជានិច្ច៕