ច្បាស់ការហើយ ពីពេលវេលាសង់ស្ពានភ្នំពេញ-អរិយក្សត្រ

សារព័ត៌មាន Cambodia News/

ភ្នំពេញ ៖ គម្រោងស្ពានអរិយក្សត្រដែលជាស្ពានមិត្តភាពដំបូងរវាងកម្ពុជា​ និងកូរ៉េខាងត្បូង មានទីតាំង​ពីផ្សាររាត្រី​ទៅកាន់​តំបន់​ជ្រោយ​​ចង្វារតភ្ជាប់រហូតដល់អរិយក្សត្រ នឹងត្រូវចាប់​ផ្តើម​បើកការដ្ឋានសាងសង់នៅ​ឆ្នាំ២០២៣​ខាងមុខ​នេះ​ ដោយ​សាង​សង់ឡើងជាប្រភេទស្ពានយោងកាប្លិ៍មិនមានសសរកណ្តាលនោះទេ ដើម្បីបង្កភាពងាយស្រួល​ដល់​ការ​ចរាចរណ៍​ផ្លូវទឹក ។

 

សមិទ្ធផលស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង ឆ្លងទន្លេមេគង្គថ្មី ដែលនឹងចាប់ផ្តើមសាងសង់នៅឆ្នាំក្រោយ (ឆ្នាំ​២០២៣) ដោយទទួល​បាន​ជំនួយ​​ឥតសំណង និងកម្ចីសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ។ នេះបើយោង​តាម​លោក​ជំទាវ ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ក្នុងកិច្ចពិភាក្សាការងារជាមួយគណៈប្រតិភូទីក្រុងឃ្យុងយូ នៃសាធារណរដ្ឋ​កូរ៉េ កាលពីថ្ងៃទី ១៩ តុលា កន្លងទៅ ។

សូមបញ្ជាក់ផងដែរថា រដ្ឋាភិបាលកូរ៉េខាងត្បូងកាលពីឆ្នាំ២០២០កន្លងទៅ បានសម្រេចផ្តល់ថវិកា​សម្រាប់​សាង​សង់​ស្ពាន​តភ្ជាប់ភ្នំពេញទៅកាន់តំបន់អរិយក្សត្ររួចហើយ ។ គម្រោងនេះនឹងសាងសង់ជាស្ពាន២ មួយនឹងភ្ជាប់​ផ្សារ​រាត្រី​ទៅជ្រោយចង្វារ និងមួយទៀតពីជ្រោយចង្វាទៅកាន់តំបន់អរិយក្សត្រ ដោយនឹង​សាង​សង់​ជា​ស្ពាន​យោង​កាប្លិ៍​ខ្ពស់​​គ្មាន​សសរ ៕

Related Articles

Back to top button
Close
Close