កម្ពុជានឹងទទួលរងសម្ពាធទាបចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៦កញ្ញា
Cambodia News
ដោយ៖ ហេង នាង
តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ចាប់ពីថ្ងៃទី៣១ សីហា រហូតមកដល់ថ្ងៃទី០១ កញ្ញា មានជ្រលងសម្ពាធទាបមួយបានអូសបន្លាយពីលើអាងទន្លេមេគង្គ រហូតដល់ភាគខាងជើងប្រទេសកម្ពុជា។
ដែលនឹងធ្វើឲ្យផ្ទៃមេឃមានពពកច្រើនមីរដេរដាស និងមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែកញ្ញា នៅតំបន់វាលទំនាប និងតំបន់ខ្ពង់រាប ដែលអាចបង្កឲ្យមានទឹកជំនន់ទឹកភ្លៀង នៅតាមបណ្តាខេត្តមួយចំនួន។ ទន្ទឹមនឹងនោះ កំពស់ទឹកទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប នឹងហក់ឡើងជាបន្តបន្ទាប់ផងដែរ។
យោងតាមសេចក្តីជូនដំណឹងខាងលើក្រសួងធនធានទឹកកម្ពុជាបានធ្វើការអំពាវនាវមួយដល់ពលរដ្ឋទាំងអស់ដែលរស់នៅតំបន់ភ្នំ តំបន់ទំនាប និងតំបន់ជាប់ផ្លូវទឹកឲ្យបង្កើនការប្រុងប្រយ័ត្នខណៈដែលប្រទេសកម្ពុជាកំពុងទទួលរងសម្ពាធទាបចាប់ពីថ្ងទី០២ ដល់ថ្ងៃទី០៦ កញ្ញា ២០១២ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានជាយថាហេតុ៕