ការងារដំបូងរដ្ឋមន្រ្តីកសិកម្មថ្មី ចុះពិនិត្យទីតាំងដែលមានប្រជាពលរដ្ឋរងគ្រោះទឹកជំនន់
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទថ្មី ឯកឧត្តម ឌិត ទីណា បានចាប់ផ្តើមប្រទ្បូកក្នុងការងារដំបូងដោយចុះបំពេញបេសកកម្មពិនិត្យមើលតំបន់សំខាន់ៗដែលមានប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដើម្បីចែកជូននូវជំនួយសម្រាប់ការស្តារទ្បើងវិញទាក់ទងវិសយ័កសិកម្ម។
តាមរយៈ Facebook ផ្លូវការរបស់ខ្លួន ឯកឧត្តម ឌិត ទីណា បានសរសេរយ៉ាងដូច្នេះថា «បន្ទាប់ពីប្រជុំវាយតម្លៃ និងចាត់ចែងការងារនៅក្រសួងពេញមួយថ្ងៃម្សិលមិញ ថ្ងៃនេះបេសកកម្មតាមខេត្តរបស់ខ្ញុំចាប់ផ្ដើមជាផ្លូវការ ទៅតាមបណ្តាទីតាំងដែលមានប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ដើម្បីចែកជូននូវជំនួយសម្រាប់ស្តារឡើងវិញនូវការខូចខាត។ ការងារនេះ ចាំបាច់និងបន្ទាន់ណាស់ ដើម្បីធានាថា បងប្អូនប្រជាកសិករយើង លោកបានទទួលពូជស្រូវសម្រាប់ដាំដុះឡើងវិញទាន់ពេលវេលា នៅពេលដែលទឹកចាប់ស្រកទៅវិញ។
នាព្រឹកនេះ ខ្ញុំមានឱកាសអមដំណើរ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសសកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឆ្ពោះទៅជួបបងប្អូនប្រជាកសិកររងគ្រោះដោយជំនន់ទឹកភ្លៀងនៅខេត្តក្រចេះ»។
សូមជម្រាបថា ឯកឧត្តម ឌិត ទីណា បានចូលកាន់តំណែងរដ្ឋមន្ត្រីថ្មី នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។ ក្រោយចូលកាន់តំណែងជារដ្ឋមន្ត្រី ឯកឧត្តមបានកំណត់ការងារអទិភាពនៅចំពោះមុខ ដែលត្រូវដោះស្រាយក្នុងជំហានដំបូង គឺដោះស្រាយបញ្ហារបស់ប្រជាកសិករ ដែលកំពុងរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ ដើម្បីផ្តល់ពូជស្រូវ និងដំណាំជាបន្ទាន់ដល់កសិករ ដើម្បីស្តារការដាំដុះឡើងវិញ៕