រដ្ឋមន្រ្ដីក្រសួងអប់រំ សម្រេចពន្យារពេលដំណើរការសិក្សាទៅដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២
សារព័ត៌មាន Cambodia News/
ភ្នំពេញៈ យោងតាមលិខិតរបស់ក្រសួងអប់រំយុវជន និងកីឡា ផ្ញើជូនប្រធានមន្ទីរអប់រំ រាជធានី-ខេត្ត កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២២ រដ្ឋមន្រ្ដីក្រសួងអប់រំ ឯកឧត្តម ហង់ជួន ណារ៉ុន បានសម្រេចពន្យារពេលដំណើរការសិក្សាឆ្នាំសិក្សា ២០២១-២០២២ ដែលគ្រោងនឹងបញ្ចប់នាថ្ងៃទី ៣១ ខែតុលា ទៅបញ្ចប់នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ វិញ។
លិខិតរបស់ឯកឧត្តម ហង់ជួន ណារ៉ុន បានសរសេរថា៖ «ខ្ញុំសូមជម្រាបលោក លោកស្រីប្រធានថា ដំណើរការរៀន និងបង្រៀន ក្នុងឆមាសទី១ ឆ្នាំសិក្សា២០២១-២០២២ មានដំណើរការមិនសូវរលូន ពោលគឺសិស្សបានរៀនតែពាក់កណ្តាលពេលប៉ុណ្ណោះ ចាប់ពីខែកុម្ភៈ ដល់ដំណាច់ខែមេសា ដោយសារការរីករាលដាលនៃមេរោគកូវីដ ១៩ ប្រភេទអូមីក្រុង»។
នៅក្នុងលិខិតឯកឧត្តមរដ្ឋមន្រ្ដីបញ្ជាក់ថា ចំពោះមហាវិស្សមកាលឆ្នាំសិក្សា ២០២១-២០២២ ចាប់ពីថ្ងៃទី ១ ដល់ ៣១ ខែ ធ្នូ ឆ្នាំ ២០២២។ ដោយឡែកដំណើរការគ្រឹះស្ថានសិក្សាឆ្នាំសិក្សា ២០២២-២០២៣ ក្រសួងនឹងចេញសេចក្ដីណែនាំថ្មី៕