កម្ពុជានឹងបន្តមានភ្លៀងធ្លាក់ លាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ សីហា
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ August 23, 2022/
ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីការព្យាករធាតុអាកាសដោយបានបញ្ជាក់ថា កម្ពុជានឹងបន្តមានភ្លៀងធ្លាក់លាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។
ក្រសួងបានបញ្ជាក់ថា ស្ថានភាពបែបនេះធ្វើឲ្យ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C និង សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។ទន្ទឹមនោះផ្នែកខ្លះក៍អាចមានភ្លៀងជាបង្គួរផងដែរ ។
២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន៖ សីតុណ្ហភាពអប្បបរមាមានពី២២-២៤°C និង សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤°C នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ ។ ទន្ទឹមនោះផ្នែកខ្លះក៍អាចមានភ្លៀងជាបង្គួរផងដែរ ។
៣-តំបន់មាត់សមុទ្រ ៖សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥°C និង សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ៕