ក្រសួងប្រៃសណីយ៍ឲ្យបញ្ឈប់ការប្រើឧបករណ៍បង្កើនកម្លាំងសេវាដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សេវាទូរសព្ទចល័ត
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ July 26, 2022/
ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា តាមរយៈការចុះត្រួតពិនិត្យហ្វ្រេកង់ស៍វិទ្យុ និងធ្វើការវាស់ស្ទង់គុណភាពសេវាទូរសព្ទចល័តនៅក្នុងបរិវេណបុរីមួយចំនួនក្នុងរាជធានីភ្នំពេញ ក.ប.ទ. បានរកឃើញថា ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវា (Signal Booster/Repeater) បានបង្កការឆ្លងរំខាន និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់កម្រិតគុណភាពសេវាទូរសព្ទចល័តនៅក្នុងតំបន់នោះ។
ដូចនេះ ក.ប.ទ. សូមស្នើដល់ប្រជាពលរដ្ឋទាំងអស់ដែលកំពុងប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវា ធ្វើការរុះរើ ដកចេញ និងបញ្ឈប់ការប្រើប្រាស់ឧបករណ៍ទាំងនេះ ដោយខ្លួនឯងនៅតាមផ្ទះរបស់ខ្លួន។ ក.ប.ទ. ក៏សូមស្នើដល់អ្នកពាក់ព័ន្ធទាំងអស់ឱ្យបញ្ឈប់ការនាំចូលឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវាគ្រប់ប្រភេទ ដែលពុំមានការទទួលស្គាល់យថាប្រភេទពីនិយ័តករទូរគមនាគមន៍កម្ពុជា ជាបន្ទាន់ ជៀសវាងការប្រឈមនឹងវិធានការច្បាប់។
ស្របជាមួយគ្នានេះ ក.ប.ទ. បាននិងកំពុងជំរុញឱ្យប្រតិបត្តិករទូរសព្ទចល័តផ្លាស់ប្តូរគ្រឿងសម្ភារៈបរិក្ខានិងបច្ចេកវិទ្យា ព្រមទាំងសាងសង់ស្ថានីយអង់តែនបន្ថែម ដើម្បីពង្រីកវិសាលភាពគ្របដណ្តប់ និងពង្រឹងគុណភាពនៃសេវាផងដែរ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ចូលរួមសហការ ដើម្បីធ្វើឱ្យគុណភាពសេវាទូរសព្ទចល័តមានភាពប្រសើរឡើង៕