WHO ៖ គួរឬមិនគួរប្រកាសអាសន្នកម្រិតខ្ពស់បំផុត សម្រាប់ជំងឺអុតស្វា ដែលកំពុងរីករាលដាល
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ July 21, 2022/
WHO ៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកក្កដា ឆ្នាំ២០២២ អង្គការសុខភាពពិភពលោក WHO នឹងកោះប្រជុំគណៈកម្មាធិការទទួលបន្ទុកបញ្ហាជំងឺអុតស្វា (monkeypox) ជាថ្មីម្តងទៀត ដើម្បីសម្រេចថាតើការផ្ទុះឡើងនៃជំងឺអុតស្វានាពេលបច្ចុប្បន្ននេះ គួរត្រូវចាត់ទុកជា គ្រោះអាសន្នផ្នែកសុខភាពជាសកល ឬក៏យ៉ាងណា។
កិច្ចប្រជុំលើកទី២ នៃគណៈកម្មការសង្រ្គោះបន្ទាន់របស់ WHO ស្តីពីមេរោគអុតស្វា នឹងត្រូវធ្វើឡើងដើម្បីពិនិត្យមើលភស្តុតាង ស្តីពីស្ថានការណ៍វិវត្តទៅមុខកាន់តែអាក្រក់នៃជំងឺនេះ ខណៈដែលករណីឆ្លងចំនួន ១៤,០០០ករណី ត្រូវបានរាយការណ៍ពីជាង ៧០ ប្រទេស ហើយទើបតែបានរីករាលដាល ដល់ប្រទេសចំនួន៦បន្ថែមទៀត។
គួរបញ្ជាក់ថា ការកើនឡើងនៃករណីឆ្លងជំងឺអុតស្វា ត្រូវបានរាយការណ៍ ចាប់តាំងពីដើមខែឧសភា មកម្ល៉េះ នៅក្រៅបណ្តាប្រទេសអាហ្វ្រិកខាងលិច និងកណ្តាល ជាកន្លែងដែលជំងឺនេះ ធ្លាប់បានរាលដាលជាយូរមកហើយ៕