វ៉ាក់សាំង Pfizer ជំនួយរបស់អូស្រ្តាលីចំនួនជិត២០ម៉ឺនដូសទៀត ត្រូវបានប្រគល់ជូនកម្ពុជារួចរាល់ហើយ

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២២នេះ ប្រទេសអូស្ត្រាលី បានប្រគល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer សម្រាប់កុមារ ចំនួន ១៩៦,៨០០ដូស នៃចំនួនដែលនឹងប្រគល់សរុប ៤៨២,៤០០ដូស ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។

វ៉ាក់សាំងនេះ បានដឹកមកដល់ប្រទេសកម្ពុជា ព្រមទាំងបានប្រគល់ជូនកម្ពុជារួចរាល់ហើយ ដោយឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា អញ្ជើញប្រគល់ និងទទួលនូវជំនួយវ៉ាក់សាំងនេះ។

ការប្រគល់ប្រគល់ជូនវ៉ាក់សាំងនៅពេលនេះ គឺជាការបន្ថែមទៅលើជំនួយ វ៉ាក់សាំង Pfizer-BioNtech ចំនួន២,៣៥ដូស ទូបង្កកត្រជាក់ និងទូបង្កកត្រជាក់បំផុត សរុបទាំងអស់ចំនួន១៣៣គ្រឿង និងគ្រឿងបរិក្ខាចាំបាច់ផ្សេងៗទៀត ដែល​ជា​ជំនួយ​ទ្វេភាគីរបស់ប្រទេសអូស្រ្តាលី។ ជំនួយទាំងនេះគឺជាផ្នែកមួយនៃជំនួយអូស្រ្តាលី ដែល​មាន​ថវិកា​ចំនួន​៣៥,៧​លាន​ដុល្លារ​អូស្រ្តាលី ដែលជាការប្តេជ្ញាចិត្តគ្រប់ជំហានទាំងអស់ ឆ្ពោះទៅរកយុទ្ធនាការចាក់វ៉ាក់សាំងប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងសមភាពនៅកម្ពុជា។

កម្ពុជាកំពុងទទួលបានជោគជ័យខ្ពស់លើការប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ-១៩។ បើទោះបីទទួលបានជោគជ័យយ៉ាងណាក្តី តែរាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ខ្ពស់ លើការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩។ ការងារអាទិភាពក្នុងការប្រយុទ្ធប្រឆាំងនេះ គឺការបន្តផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តស្វះស្វែងរកវ៉ាក់សាំងទុកក្នុងឃ្លាំង ហើយប្រកាសជំរុញការចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋ ដើម្បីធានាបាននូវការការពារសុខភាពប្រជាពលរដ្ឋពីមេរោគកូវីដ១៩។ មកដល់ពេលនេះទាំងជំនួយ និងការបញ្ជាទិញ កម្ពុជារកបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបជិត ៥៣លានដូស។ ក្នុងនោះនៅសល់ក្នុងឃ្លាំងប្រមាណជា ៨លានដូស។ កម្ពុជាក៏នៅមានវ៉ាក់សាំងសរុបប្រមាណ ២០លានដូសទៀត ដែលជាជំនួយ និងជាការបញ្ជាទិញ មិនទាន់បានដឹកមកប្រទេសកម្ពុជាផងដែរ។

ដោយឡែកការងារចាក់វ៉ាក់សាំងវិញ គិតត្រឹមថ្ងៃទី០៦ ខែកក្កដា កម្ពុជាចាក់បានជាង ៩៤ភាគរយនៃចំនួនប្រជាពលរដ្ឋសរុប។ ក្នុង​នោះចាក់ជូនកុមារអាយុចាប់ពី ៣ឆ្នាំឡើង ដល់ក្រោម ៥ឆ្នាំ បានជាង ៧០ភាគរយ, កុមារអាយុ ៥ឆ្នាំ បានជាង ១៣៥ភាគរយ, កុមារ​អាយុពី ៦ឆ្នាំ ទៅ១២ឆ្នាំ បានជាង ១០៩ភាគរយ, កុមារ និងយុវវ័យ អាយុ ១២ឆ្នាំ ដល់ ១៨ឆ្នាំ បានជាង ១០០ភាគរយ និង​អាយុ ១៨ឆ្នាំឡើង បានជាង ១០៣ភាគរយ។ ក្រៅតែពីដូសមូលដ្ឋាន ពេលនេះកម្ពុជា បាន ឈាន​ដល់​ចាក់​ដូស​ជំរុញ​ទី៥​ផង​ដែរ​។ ក្នុងនោះដូសជំរុញទី៣ ចាក់បានជាង ១០លាននាក់, ដូសជំរុញទី៤ ចាក់បានជិត ៣លាននាក់, ដូសជំរុញទី៥ បានជាង ៣៤ម៉ឺននាក់៕

 

Related Articles

Back to top button
Close
Close