សម្តេចតេជោ អំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ខណៈកូវីដ១៩ កើតឡើងសាជាថ្មីក្នុងប្រទេស
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ June 29, 2022/
ភ្នំពេញ ៖ នៅយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសបន្ទាន់តាមរយៈសារពិសេស អំពីការរកឃើញជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាឡើងវិញបន្ទាប់ពីអាក់ខាននូវការឆ្លង និងការស្លាប់ដោយជំងឺនេះរយៈពេល៥១ថ្ងៃកន្លងមក។
ជាមួយនឹងវត្តមានមេរោគកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាជាថ្មីនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ដោយបន្តអនុវត្តវិធានការសុខាភិបាល និងប្រញាប់ទៅទទួលវ៉ាក់សាំងដូសជំរុញ ក្នុងករណីដែលពលរដ្ឋមិនទាន់បានចាក់វ៉ាក់សាំងគ្រប់គ្រាន់។
តាមរយៈសារសំឡេងពិសេស សម្តេចតេជោ បានអះអាងថា វត្តមានមេរោគកូវីដ១៩ នៅកម្ពុជាជាថ្មីនេះ គឺក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងក្នុងសហគម ន៍ តាមរយៈការធ្វើតេស្ត PCR មួយចំនួន ព្រមទាំងរកឃើញអ្នកដែលបានធ្វើតេស្ត PCR សម្រាប់ធ្វើទម្រង់បែបបទចេញទៅក្រៅប្រទេស និងមួយចំនួនទៀតគឺអ្នកដែលបានវិលត្រឡប់ពីក្រៅប្រទេសមកក្នុងប្រទេសវិញ។
សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យក្រសួងសុខាភិបាល អាជ្ញាធរពាក់ព័ន្ធតាមដានចំពោះករណីនេះ ដើម្បីបញ្ចៀសនូវការរីករាលដាលដ៏ធ្ងន់ធ្ងរដែលអាចកើតមានជាយថាហេតុ នៅពេលខាងមុខ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា នេះជាសារបន្ទាន់ បន្ទាប់ពីបានរកឃើញនូវករណីវិជ្ជមាននៅតាមទីកន្លែងមួយចំនួន៕