​ក្លិបអ្នកកាសែតកម្ពុជាបើកវគ្គបណ្តុះបណ្តាលពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន

សារព័ត៌មាន​​ Cambodia News/

ថ្ងៃចេញផ្សាយៈ June 18, 2022/

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី១៨ ខែមិថុនា ឆ្នាំ​២០២២នេះ ជាព្រឹកថ្ងៃទី១ ​សប្តាហ៍ទី១ ​នៃ​វគ្គបណ្តុះ​បណ្តាល​មូល​ដ្ឋាន​គ្រឹះ​ការ​សរសេរ​ព័ត៌មាន​រៀប​ចំដោយ​ក្លិបអ្នក​កាសែតកម្ពុជា (ក.អ.ក) ដែល​មាន​សក្ខាកាម​ជា​អ្នក​សារព័ត៌​មាន និងជានិស្សិត សរុបជាង៥០នាក់ បានចូលរៀនក្នុងវគ្គនេះ។​

វាគ្មិនដំបូងនៅសប្តាហ៍ទី១នេះ លោក ប៉ែន បូណា និពន្ធនាយកទូរទស្សន៍ PNN បានធ្វើបទបង្ហាញពី ការយល់ដឹងអំពីចិត្តសាស្ត្រមនុស្សនិងព័ត៌មាន និងរូបមន្ត​ក្នុងការសរសេរ​ព័ត៌មាន​ខ្លី​វាគ្មិនទី២ លោក ទាវ សារមុនី និពន្ធ​នាយក​កាសែតរស្មីកម្ពុជា បានធ្វើបទបង្ហាញពីការយល់ដឹងអំពីប្រភពព័ត៌មាន និងការផ្ទៀងផ្ទាត់ប្រភពព័ត៌មាន​។

វគ្គបណ្តុះបណ្តាល​ ​នេះ​នឹង​ធ្វើឡើង​រៀងរាល់ព្រឹកថ្ងៃសៅរ៍ និងមានរយៈពេល ៧ សប្តាហ៍ ដោយចាប់​ផ្តើម​ពី​ថ្ងៃទី ១៨  ខែ​មិថុនា ឆ្នាំ​២០២២នេះ តទៅ ដោយមានគ្រូបណ្តុះបណ្តាល​សុទ្ធសឹងជាអ្នកដែលមានកេរិ៍្តឈ្មោះ និងបទពិសោធន៍​ចាស់វស្សា​ក្នុងវិស័យសារព័ត៌មាន។

ក.អ.ក សង្កេតឃើញ​ថា វិស័យ​សារព័ត៌មាននៅ​កម្ពុជា​មាន​កាកើន​ឡើង​គួរឲ្យ​កត់សម្គាល់ ដែលធ្វើឲ្យចំនួនអ្នក​ប្រក​ប​អាជីពជា​អ្នក​សារព័ត៌មាន​ក៏​កាន់​តែ​មាន​ចំនួន​ច្រើន​ឡើង​ៗ។ ទន្ទឹមនឹងនេះ ក៏មាន​យុវ័យមួយចំនួន​បាន​បង្ហាញ​បំណង​ចង់ក្លាយ​ជាអ្នក​សារព័ត៌មាន​អាជីព។ ក្លិបអ្នកកាសែតកម្ពុជា​ក៏ទទួលបានសំណូមពរពីសហការីយើងជាច្រើនឲ្យក្លិបបន្តបើកវគ្គបណ្តុះបណ្តាល​អ្នកសារព័ត៌មាន​បន្ថែមទៀត។

ដើម្បីឆ្លើយតបនឹងសំណូមពរ ក៏ដូចជាសេចក្តីត្រូវការនៃវិស័យសារព័ត៌មាន ក.អ.ក ក៏បានសម្រេចរៀបចំ​វគ្គបណ្តុះបណ្តាល​អំពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាននេះ ដើម្បី​ផ្តល់​ឱកាសឲ្យ​អ្នក​សារព័ត៌មាន​ ដែល​ចង់​បង្កើន​សមត្ថភាពលើ​ការ​សរសេរព័ត៌មានឲ្យកាន់​តែច្បាស់លាស់ ​រួម​ទាំង​អ្នក​ដែលធ្វើការក្នុងវិស័យនេះយូរហើយតែមិនទាន់បានឆ្លងកាត់វគ្គសិក្សាផ្នែកសរសេរ និងរាយការណ៍ព័ត៌មាន៕

Related Articles

Back to top button
Close
Close