ក្រុមហ៊ុនវ័នរ៉ូដគ្រុប (ខេមបូឌា) បាន​​នាំអំ​ណោយ​ចែក​ជូន​ដល់​កុមារកំព្រា​​ក្នុង​ឱកាស​ទិវាកុមារ​អន្តរ​ជាតិ​

សារព័ត៌មាន​ Cambodia News/

ថ្ងៃចេញផ្សាយៈ June 2, 2022/

ព័ត៌មាន​ជាតិ ៖ នាថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ២០២២ ដែល​ជា​ថ្ងៃខួបលើកទី៧៣ នៃ​ទិវាកុមារអន្តរជាតិ ១មិថុនា​ ​ ក្រុមហ៊ុនវ័នរ៉ូដ​គ្រុប (ខេមបូឌា)​​ បាននាំ​យក​​​អំណោយចែក​ដល់មណ្ឌលកុមារកំព្រាចំនួន​៣​ដើម្បី​ចូលរួមជួយសម្រួល​​ទុក្ខលំបាក និង​ការខ្វះខាត​​ ជា​ពិសេស​ផ្ដល់​ក្តីស្រលាញ់​ដល់កុមារកំព្រា ដែលកំពុងសិក្សារៀនសូត្រ​ក្នុង​មណ្ឌល។

ការចែកអំណោយនេះបានធ្វើឡើង នៅមណ្ឌលកុមារកំព្រាចំនួន​៤ ដោយ​ទី១ នៅមណ្ឌលកុមារកំព្រាភូមិ​ខៃស៍ នៃ​អង្គការ​ឧបត្ថម្ភ​កុមារ​កំព្រា ដែល​​​ស្ថិតនៅ​ភូមិ​១ ឃុំត្រែងត្រយឹង ស្រុក​ភ្នំ​ស្រួច ខេត្តកំពង់ស្ពឺ , ហើយទី២ នៅ​មណ្ឌល​​​​​កុមារកំព្រាខេត្តតាកែវ ​ស្ថិត​នៅ​ភូមិ៣ ឃុំរកាក្នុង ក្រុងដូនកែវ ទី៣ នៅមណ្ឌលកុមារ​កំព្រា​ខេត្ត​កំពង់​ចាម​​ស្ថិតនៅ ភូមិនាងគង្ហីង សង្កាត់សំបួរមាស ក្រុង​កំពង់​ចាម ខេត្តកំពង់ចាម និង​ទី៤ នៅមណ្ឌលកុមារ​កំព្រា​​សេច​ក្តី​សង្ឃឹម​ថ្មី​ ​ ស្ថិតនៅភូមិព្រៃឈរ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្ត​កំពង់​ចាម។

អំណោយ ដែលក្រុមហ៊ុនវ័នរ៉ូដគ្រុប (ខេមបូឌា)​ ចែកជូន​​ដល់មណ្ឌលកុមារកំព្រា​ទាំង​ ៤មណ្ឌល​​ខាងលើ ក្នុង​១មណ្ឌលទទួលបាន​ អង្ករ២៥គីឡូ ស្មើរនឹង ៤០បាវ, ទឹកសុទ្ធ ១០០កេស, កាតាប (សៀវភៅ និងសំភារៈ​សិក្សាមួយចំនួន), ប្រេងឆាចំណុះ៥លីត្រ ៥កេស និង​នំចំណីមួយចំនួន។

នៅ​ក្នុងឱកាសចែកអំណោយដល់មណ្ឌលកុមារកំព្រានេះ កញ្ញា JOJO ZHANG ដែល​ជា​អគ្គ​នាយ​ក​រង​នៃ​ក្រុម​ហ៊ុន​វ័ន រ៉ូដគ្រុប (ខេមបូឌា)​ ​បាន​លើកឡើងថា ខ្ញុំពិត​ជា​មាន​អារម្មណ៍សប្បាយចិត្ត និង​​រីករាយនៅពេល​ដែល​ឃើញកុមារកំព្រាទាំង​អស់​ទទួល​បាន​ការ​រៀនសូត្រ ។

កញ្ញា JOJO ZHANG បាន​បន្តថា ទាក់​ទង​នឹង​សកម្មភាព​សប្បុរសធម៌នេះ​កន្លង​មក​គឺគាត់​បាន​ធ្វើ​ច្រើន​កន្លែង​មក​​ហើយ​ ដោយ​សារក្រុម​ហ៊ុន ​វ័នរ៉ូដគ្រុប ជាក្រុម​ហ៊ុន​មួយនៅ​ប្រទេស​អារ៉ាបរួម​ ដោយ​ទៅ​ដល់​ទីណា​គឺគាត់​តែង​តែ​បាន​ធ្វើ​សកម្មភាព​សប្បុរ​ស​ធម៌នៅទីនោះ​។

ដើម្បី​ចូល​រួម​ជួយសម្រួល​​ទុក្ខលំបាក និង​ភាពខ្វះខាតទៅដល់​ប្រជាជន​​ និង​ជួយឲ្យកុមារទទួល​បាន​ការសិក្សា​រៀន​សូត្រ​​ កញ្ញា JOJO ZHANG បាន​បន្ថែមទៀតថា ក្រុមហ៊ុនវ័នរ៉ូដគ្រុប (ខេមបូឌា)​​ នឹង​បន្តខិតខំជួយ​បន្ថែម​ទៀត​ដូច​ជា​សម្ភារសិក្សាដល់កុមារ​ នឹងគ្រឿងឧបភោគបរិភោគ ទៅកន្លែង​ផ្សេងៗទៀតដែល​ជួប​នឹង​ភាពខ្វះខាត។

សូមបញ្ជាក់ជូន​ថា ក្រុមហ៊ុនវ័នរ៉ូដគ្រុប (ខេមបូឌា)​​ នៅ​កម្ពុជា​ គឺ​ធ្វើ​ការ​ទៅលើ​ផ្នែក​ពាណិជ្ជកម្មអន្តរជាតិ, ប្រេង និង ឧស្ម័ន, បច្ចេកវិទ្យាដ៏ឆ្លាតវ័យ, ទេសចរណ៏អន្តរជាតិ,​យាន្តដ្ឋាន​ជួល​ជុល​រថយន្ត, ផ្នែកពត៌មាន, សេវាកម្ម​ជួល​រថយន្ត, និងវិនិយោគ៕

Related Articles

Back to top button
Close
Close