នយោបាយបើកចំហថ្មីនៃរដ្ឋាភិបាលស៊ីវិល
រដ្ឋាភិបាលស៊ីវិលភូមាបានដកឈ្មោះ ប្រជាជនភូមាប្រមាណពីរពាន់នាក់ចេញពី បញ្ជីខ្មៅរបស់ខ្លួន។អ្នកទាំងនេះធ្លាប់បានត្រូវអាជ្ញាធរភូមាហាមពុំឲ្យដាក់ ជើងជាន់លើ ដែនដីនៃប្រទេសរបស់ខ្លួន។ ក្នុងចំណោមប្រជាជនភូមាពីរពាន់នាក់នេះ ភាគច្រើនបានចាកចេញពីប្រទេសភូមា ក្នុងសម័យរបបគ្រប់គ្រងផ្តាច់ការយោធា ដែលបានបិទបញ្ចប់នៅ ដើមឆ្នាំមុន។ ប៉ុន្តែនៅមានឈ្មោះប្រជាជនភូមា ប្រមាណបួនពាន់នាក់ទៀត ដែលនៅសល់នៅក្នុងបញ្ជីខ្មៅ។
នៅក្នុងរវាងទសវត្សរ៍ឆ្នាំ១៩៨០មានប្រជាជនភូមារាប់ពាន់ រាប់ម៉ឺននាក់ ដែលក្នុង នោះមានសាស្ត្រាចារ្យមេធាវី វេជ្ជបណ្ឌិត ឬអ្នកកាសែត ។ល។ បាននាំគ្នារត់ គេច ពីក្រញាំដៃដែកនៃរបបគ្រប់គ្រងផ្តាច់ការយោធា របស់ឧត្តមសេនីយ៍ Ne Win ។
ក្រោយពីមានការងើបបះបោរប្រឆាំងយ៉ាងខ្លាំងក្លានៅឆ្នាំ១៩៨៨មានប្រជា ជនភូមា រាប់ពាន់ រាប់ម៉ឺននាក់ ដែលក្នុងនោះភាគច្រើនជាយុវនិស្សិត ដែលបានចូល រួបរួមធ្វើបាតុកម្ម បាននាំគ្នារត់គេចចេញពីប្រទេសភូមាម្តងទៀត។
ឥឡូវនេះ មានប្រជាជនភូមាប្រមាណពីរពាន់នាក់បានត្រូវរដ្ឋាភិបាលស៊ីវិលភូមា អនុញ្ញាតឲ្យវិលត្រឡប់ចូលមាតុប្រទេសរបស់ខ្លួនវិញ។ នេះពិតជាកាយវិការបើក ចំហថ្មីមួយរបស់លោកប្រធានាធិបតី ថេន សេន ។ ប៉ុន្តែទង្វើបើកចំហនេះនៅមាន កម្រិតនៅឡើយ ដោយហេតុថានៅមានសល់ឈ្មោះប្រជាជនភូមា នៅក្នុង បញ្ជីខ្មៅរបស់រដ្ឋាភិបាល។
គួរកត់សម្គាល់ថា មានជនបរទេសមួយចំនួនក៏មានឈ្មោះនៅក្នុងបញ្ជីខ្មៅ របស់រដ្ឋាភិបាលភូមាដែរមានជាអាទិ៍តារាភាពយន្តម៉ាឡេស៊ីមួយរូបដ៏ល្បីឈ្មោះ Michelle Yeoh ដែលបានដើរតួប្រធានបក្សប្រឆាំងភូមា លោកស្រី អ៊ុងសាន ស៊ូជី នៅក្នុងភាពយន្ត “La Dame » របស់សមិទ្ធិករបារាំង Luc Besson។
គួរបញ្ជាក់ថា ការចាកចេញពីប្រទេសភូមានៃបញ្ញាជនយ៉ាងច្រើននៅក្នុងរយៈ កាលទសវត្សរ៍ ឆ្នាំ១៩៨០ បានធ្វើឲ្យប្រទេសភូមាបាត់បង់អស់នូវធនធានមនុស្ស សំខាន់ៗដែលប្រទេស ភូមាត្រូវការយកមកជួយស្តារអភិវឌ្ឍប្រទេស។ ប្រទេសភូមា ដែលកំពុងស្គាល់កង្វះខាតធនធានមនុស្សយ៉ាងច្រើនមហិមា៕ដោយ សៀក សារិន (RFI)