ស៊ី​ហ្គេម​ ៖ ជម្រើសជាតិ​កម្ពុជា​បុរស ឈ្នះ​ឡាវ ៤-១ ខណៈ​នារី ចាញ់​ហ្វីលីពីន​ ៥-០

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ៖ កាលពី​ល្ងាច​មិញ​ ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្រោម​អាយុ​២៣​ឆ្នាំ បាន​យកឈ្នះ​ក្រុម U-23 ឡាវ ដោយ​លទ្ធផល ៤-១ ក្នុងជំនួប​បើកឆាក​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល B នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ ប្រទេស​វៀតណាម នា​កីឡដ្ឋាន THIEN TRUONG។​

សម្រាប់ជំនួបនេះក្រុមគោព្រៃជំទង់កម្ពុជា បានបើកការនាំមុខឡាវ ២គ្រាប់មុន នៅវគ្គទី១ ដែលធ្វើសម្រេចដោយកីឡាករ សៀង ចន្ធា នៅនាទីទី៤ និងគ្រាប់ទី២ បង្កើតឱកាសបញ្ចប់ទីដោយកីឡាករ សារ ទី បន្ទាប់ពីសមាជិកក្លិបវិសាខារូបនេះ ទាត់ប៉ះអ្នកចាំទី ហើយក្រឡកទៅប៉ះជើងខ្សែការពារឡាវ Anantaza ចូលទីខ្លួនឯង នៅនាទី១៤។

ចូលវគ្គទី២ ក្រុមយុវជន U23 កម្ពុជា ដែលដឹកនាំដោយលោក Keisuke Honda បានបន្ថែម ២គ្រាប់ទៀត ពោលគឺគ្រាប់ទី៣ ធ្វើសម្រេចដោយកីឡាករ គី រីណា នៅនាទី៦៣ និងកីឡាករ អ៊ីម សំអូន នៅនាទី៧១ បន្ទាប់ពីសមាជិកក្លិបគិរីវង់រូបនេះ ប្ដូរចូលលេងបានប្រមាណ ២នាទី ។ រីឯគ្រាប់បាល់វាយបក ១គ្រាប់របស់ក្រុម U23 ឡាវ ធ្វើសម្រេចដោយកីឡាករ Phouvieng នៅនាទី៦៧។

តាមរយៈជ័យជម្នះនេះ បានធ្វើឲ្យក្រុម U23 កម្ពុជាឡើងឈរកំពូលតារាងពូល B ជាបណ្ដោះអាសន្នដោយមាន៣ពិន្ទុស្មើក្រុម U23 ម៉ាឡេស៊ី ​។

​ចំណែក​ក្រុម​ជម្រើសជាតិ​នារី​កម្ពុជា បាន​ប្រកួត​ចាញ់ ក្រុម​ហ្វី​លី​ពិន ដោយ​លទ្ធផល ៥-០ ក្នុងជំនួប​បើកឆាក​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល A នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ ប្រទេស​វៀតណាម នា​កីឡដ្ឋាន CAM PHA មុននេះ​បន្តិច​។​

​សូមជម្រាបថា សម្រាប់​ជំនួប​បន្ទាប់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្រោម​អាយុ​២៣​ឆ្នាំ​ផ្នែក​បុរស​នឹងត្រូវ​ប៉ះ​សិង្ហ​បុរី វេលា​ម៉ោង​៤៖០០​នាទី​រសៀល ខណៈ​ក្រុម​ជម្រើសជាតិ​នារី​កម្ពុជា ប៉ះ​ឥណ្ឌូនេស៊ី នៅ​ថ្ងៃទី​១១ ខែឧសភា​ដូចគ្នា វេលា​ម៉ោង​៧៖០០​នាទី​យប់ ៕

Related Articles

Back to top button
Close
Close