គ្រាប់បែកដ៏ធំមួយត្រូវបានប្រទះឃើញនៅទន្លេបួនមុខក្បែរសណ្ឋាគារសុខាភ្នំពេញ
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ May 4, 2022/
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២នេះ កម្លាំងជំនាញគ្រាប់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់ បានធ្វើការត្រួតពិនិត្យ និងបោសសំអាតគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ AN-M66 (ឬAN-M34) ដែលគេបានប្រទះឃើញនៅពេលស្តារកាយល្បាប់បាតទន្លេ ស្ថិតនៅទន្លេបួនមុខក្បែរសណ្ឋាគារសុខាភ្នំពេញ។
អគ្គនាយកនៃមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(CMAC) ឯកឧត្តម ហេង រតនា បានឱ្យដឹងថា គ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទAN-M66 នេះ មានទម្ងន់ជិត១.០០០គីឡូក្រាម មានជាតិផ្ទុះជាង៥០០គីឡូក្រាម ដែលមានឋាមពលបង្កគ្រោះថ្នាក់ខ្ពស់ ជាគ្រាប់បែកផលិតនៅសហរដ្ឋអាមេរិក និងជាសំណល់ពីសង្គ្រាម។
ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា ប្រសិនជាករណីអាក្រក់បំផុតកើតឡើងដោយការផ្ទុះគ្រាប់បែកនេះ នោះអាចបង្កការខូចខាតធ្ងន់ធ្ងរដល់សណ្ឋាគារ លំនៅដ្ឋានប្រជាពលរដ្ឋ និងព្រះបរមរាជវាំង ជាមិនខានឡើយ។ នេះជាសំណាងមួយល្អណាស់សំរាប់កម្ពុជា។
បច្ចុប្បន្នគ្រាប់បែកដ៏ធំនេះ ត្រូវបានគេជម្លៀសចេញពីក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ទៅរកកន្លែងសុវត្ថិភាពដើម្បីកម្លាំងជំនាញអង្គភាពស៊ីម៉ាក់ធ្វើការដោះបន្សាប ដើម្បីធានាសុខសុវត្ថិភាពជូនសង្គមជាតិ៕