អាវុធដែលជាជំនួយលោកខាងលិចដឹកឱ្យអ៊ុយក្រែនត្រូវរុស្ស៊ីកម្ទេច
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ May 4, 2022/
អ៊ុយក្រែន ៖ កាលពីថ្ងៃអង្គារ ម្សិលមិញក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងថា យោធារបស់ខ្លួនបានវាយប្រហារលើមូលដ្ឋានទ័ពអាកាសមួយកន្លែង ស្ថិតនៅក្បែរទីក្រុងអូដេសា (Odesa) នៃភាគនិរតីប្រទេសអ៊ុយក្រែន ដោយប្រើមីស៊ីលដែលបានកម្ទេចយន្ដហោះដ្រូន, មីស៊ីល និងគ្រាប់រំសេវដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបផ្ដល់ឱ្យទីក្រុងកៀវ។
ក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៉ីបានបញ្ជាក់ថា «មីស៊ីលអូនីស (Onyx) បានវាយប្រហារលើមជ្ឈមណ្ឌល ភស្ដុភារមួយកន្លែង នៅឯមូលដ្ឋានទ័ពអាកាសក្នុងទីក្រុងអូដេសា ជាទីដែលអាវុធបរទេសត្រូវបានប្រគល់ឱ្យអ៊ុយក្រែន និងបានបំផ្លាញ យន្ដហោះដ្រូន បេរ៉ាក់តា ធីប៊ីធូ (Bayraktar TB2) ព្រមទាំងមីស៊ីល និងគ្រាប់រំសេវជាច្រើនដែលផ្ដល់ដោយសហរដ្ឋអាមេរិក និងបណ្ដាប្រទេសអឺរ៉ុប»។
បើតាមក្រសួងការពារជាតិរុស្ស៉ីឲ្យដឹងទៀតថា យោធារុស្ស៉ីក៏បាញ់មីស៊ីល និងកាំភ្លើងធំលើគោលដៅយោធាជាច្រើនទីតាំង ក្នុងប្រទេស អ៊ុយក្រែនផងដែរ ក្នុងនោះរួមមានទាំងទីបញ្ជាការកណ្ដាល, ឃ្លាំងអាវុធ និងប្រព័ន្ធមីស៊ីលការពារដែនអាកាស S-300៕