សម្ដេចតេជោ ហ៊ុន សែន ៖ មន្ទីរ​ពេទ្យ​ហ្លួង​ម៉ែ នឹង​ប្រែ​ជាម​ន្ទីរ​ពេទ្យ​ឯក​ទេស​ព្យាបាល​ជំងឺ​មហារីក​

សារព័ត៌មាន​ Cambodia News/

ថ្ងៃចេញផ្សាយៈ April 28, 2022

ភ្នំពេញ ៖ ថ្លែងនៅក្នុងពិធីសំណេះសំណាល ជាមួយកីឡាករ កីឡាការិនី និងអត្តពលិក មុន​ពេល​ពួក​គេ​ចេញ​ទៅ​ប្រកួត​កីឡា​ស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម នៅព្រឹក ថ្ងៃទី២៨ ខែមេសា​នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​​កម្ពុជា​ មាន​ប្រសាសន៍ថា មន្ទីរពេទ្យហ្លួងម៉ែ អាចរៀបចំជាមន្ទីរពេទ្យឯកទេស ព្យាបាល​ជំងឺមហារីក ព្រោះ​បច្ចុប្បន្ន​ជំងឺមហារីកកើតមានច្រើន។

ស្របពេលបច្ចុប្បន្នចំនួនអ្នកជំងឺកូវីដ-១៩ កំពុងធ្នាក់ចុះ ខណៈនៅភ្នំពេញនៅសល់តែ ២៦ នាក់ សម្ដេច​បាន​ផ្ដល់​អនុសាសន៍ ផ្ទេរអ្នកជំងឺ​នៅ​ស្តាតនៅពេទ្យហ្លួងម៉ែ ឬមន្ទីរពេទ្យចាក់អង្រែ ដើម្បីយកស្តាតទៅជួលជុល និង​ផ្ដល់​ឱ្យ​កីឡា​ករហ្វឹកហាត់ ត្រៀមខ្លួនក្នុងនាម​កម្ពុជាជាម្ចាស់ផ្ទះ​ប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣២ នៅ​ខែ​ឧសភា ឆ្នាំ២០២៣។

ជាមួយគ្នានេះ សម្ដេចតេជោ ប្រកាសថា កម្ពុជាកំពុងសាងសង់មន្ទីរពេទ្យសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ក៏​ដូច​ជា​ជំងឺឆ្លង មានទាំងបន្ទប់​សម្ភព​ និងវះកាត់ជាដើម ដែលមន្ទីរពេទ្យនេះអាចទទួលអ្នកជំងឺជាង ១ ម៉ឺននាក់ នឹង​បញ្ចប់​ការ​សាងសង់នៅឆ្នាំក្រោយ។

គួរបញ្ជាក់ថា ​មន្ទីរពេទ្យស្ត្រីនគរទេព និងត្រូវប្តូរឈ្មោះទៅជាមន្ទីរពេទ្យហ្លួងម៉ែ ដើម្បី​ថ្វាយ​ព្រះ​មរមរាជ​កិត្តិយស​ចំពោះព្រះរាជ​កិច្ចដឹក​នាំ​ប្រកបដោយទសពិធរាជធម៌ តាមព្រះរាជលំងានព្រះមហាវីរក្សត្រ ព្រះ​វររាជ​បិតា​ឯក​រាជ្យ​ជាតិ​ខ្មែរ ព្រះមរមកោដ្ឋជាទីសក្ការៈដ៏ខ្ពង់ខ្ពស់។ ដោយឡែក ស្របតាមស្ថានភាពបច្ចុប្បន្ន មន្ទីរពេទ្យ ហ្លួងម៉ែ កំពុង​ព្យាបាលអ្នកជំងឺកូវីដ-១៩៕

 

Related Articles

Back to top button
Close
Close