សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយកីឡាករ កីឡាការិនី និងអត្តពលិក មុនចេញទៅប្រកួតស៊ីហ្គេមនៅប្រទេសវៀតណាម
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ April 28, 2022
ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែមេសានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ ដល់កីឡាករ កីឡាការិនី និងអត្តពលិក ចំនួន៥៦០នាក់ មុនពេលពួកគេចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម។
សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះសមត្ថភាពក្មួយៗកីឡាករ កីឡាការិនី និងគ្រូបង្វឹក ដែលបានខិតខំហ្វឹកហ្វឺនដល់កីឡាករទាំងអស់ទទួលបានជ័យជំនះជាបន្តបន្ទាប់។ ហើយការចេញទៅប្រកួតលើកនេះសរុបទាំងអស់មានចំនួន៥៦០ នាក់ ដែលក្នុងនោះមានថ្នាក់ដឹកនាំប្រមាណជាង៤០នាក់ ដែលនេះចំនួនដ៏សមស្របមួយ។
សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើដល់កីឡាករ កីឡាការិនីទាំងអស់មុនទៅចូលរួមប្រកួតកីឡា SEA Games នៅប្រទេសវៀតណាមនាពេលខាងមុខនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍រំលឹកកីឡាករ កីឡាការិនីទាំងអស់ ពេលចេញទៅប្រកួត គឺតំណាងឱ្យជាតិទាំងមូល។ សេចក្តីថ្លៃថ្នូររបស់ជាតិ គឺពិតជាសំខាន់ណាស់ ដូច្នេះយើងមិនត្រូវធ្វើអ្វីដែលនាំដល់ការអាប់ឱនកិត្តិយសជាតិនោះឡើយ។
សម្តេចតេជោបានមានប្រសាសន៍ណែនាំដល់កីឡាករ កីឡាការិនីទាំងអស់ត្រូវយកចិត្តទុកដាក់ប្រឹងប្រែងប្រកួត តែត្រូវចៀសវាងការបំពានច្បាប់ និងលក្ខខណ្ឌប្រកួត ក៏ដូចជាការប្រើប្រាស់សារធាតុប៉ូវកម្លាំងជាដើម។ សម្តេចតេជោបានបន្តថា ទោះបីដាក់គោលដៅយកមេដាយឱ្យបានច្រើនក៏ដោយ តែមិនត្រូវបំពានច្បាប់ បំពានវិន័យ និងការប្រើប្រាស់ថ្នាំប៉ូវ កម្លាំងជាដាច់ខាតដែលនាំឱ្យប៉ះពាល់សេចក្តីថ្លៃថ្នូររបស់ជាតិ៕ប្រភពពី ៖ (ផេកហ្វេសប៊ុនសម្តេចតេជោ ហ៊ុន សែន)