លោក ឆាយ សុផល ចែករំលែកទស្សនទាននៅឯសន្និសីទអ្នកសារព័ត៌មានពិភពលោកឆ្នាំ២០២២

ប្រធានបទ "សង្គមត្រូវបានផ្លាស់ប្តូរដោយសារព័ត៌មាន"

Cambodia News
ភ្នំពេញ (២៦ មេសា ២០២២)៖ លោក ឆាយ សុផល សាស្ត្រាចារ្យសាកល​វិទ្យាល័យផ្នែកប្រព័ន្ធផ្សព្វផ្សាយ នៅថ្ងៃអង្គារនេះ បានចែករំលែកទស្សនទាន និងឧទាហរណ៍ដែលមានក្នុងប្រទេស​​កម្ពុជា​ ស្តីពីប្រធានបទ “សង្គមត្រូវបានផ្លាស់ប្តូរដោយសារព័ត៌មាន” នៅឯសន្និសីទអ្នកសារព័ត៌​មាន​ពិភពលោកឆ្នាំ២០២២។

សន្និសីទរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី ២៥-២៦ ខែមេសា ឆ្នាំ២០២២ ដែលរៀបចំដោយសមាគមអ្នកកាសែតកូរ៉េ តាមទម្រង់កូនកាត់ (តាមប្រព័ន្ធ Online ផង និង Offline ផង) នៅទីក្រុងសេអ៊ូល ដោយមានការចូលរួមពីអ្នកសារព័ត៌មាន អ្នកជំនាញ និងសាស្រ្តាចារ្យផ្នែកសារព័ត៌មានចំនួន ៧០ នាក់មកពី ៤៥ ប្រទេស។
ខាងក្រោមគឺជាសេចក្តីថ្លែងរបស់លោកសាស្រ្តាចារ្យ ឆាយ សុផល ៖

សួស្តីអស់លោក លោកស្រី និងសូមជម្របសួពីប្រទេសកម្ពុជា!

ជាដំបូង ខ្ញុំគ្រាន់តែចែករំលែកឧទាហរណ៍ពីរនៅក្នុងប្រទេសកម្ពុជាដែលបង្ហាញថា សង្គមអាចត្រូវបានផ្លាស់​ប្តូរ​ដោយអ្នកសារព័ត៌មាន៖

ទី១. រហូតមកដល់ចុងទសវត្សរ៍ឆ្នាំ១៩៩០ ជនជាតិភាគតិចកម្ពុជាមួយក្រុមដែលរស់នៅតំបន់ភ្នំដាច់ស្រយាល នៅតែប្រកាន់យកជំនឿដែលមិននឹកស្មានដល់សម្រាប់មនុស្សជាតិ។ ជំនឿចាស់របស់ពួកគេគឺថា នៅពេលដែលម្តាយបង្កើតកូនរួចហើយ ហើយប្រសិនបើម្តាយបានស្លាប់ភ្លាមៗ នោះក្រុមគ្រួសារ និងអ្នកភូមិត្រូវបញ្ចុះទារកនៅមានជីវិតនោះ ជាមួយសពម្តាយ។ ជំនឿគួរឱ្យភ័យខ្លាចបែបនេះត្រូវបានអ្នកសារព័ត៌​មានរាយការណ៍ ហើយបន្ទាប់មក រដ្ឋាភិបាលបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងហាមឃាត់​មិន​ឱ្យ​មាន​​​ជំនឿដ៏ឃោរឃៅនេះទៀត ព្រោះវាជាបទឧក្រិដ្ឋផ្ទុយ​ពី​ច្បាប់របស់ប្រទេស។

ទី២. ការនិយាយពីការប្រើប្រាស់ស្រោមអនាម័យ។ សម្រាប់ប្រជាជនកម្ពុជា និងទំនងជាជនជាតិដទៃៗទៀត​នៅក្នុងទ្វីបអាស៊ី នៅពេលដែលនិយាយអំពីស្រោមអនាម័យជាសាធារណៈ នោះប្រជា​ជន​មានការអៀនខ្មាស់ និងពេលខ្លះខឹងសម្បា ដោយសារតែបរិបទវប្បធម៌របស់ខ្លួន។ ប៉ុន្តែនៅ​ពេល​​ដែលសារព័ត៌មានរាយការណ៍ដដែលៗអំពី​រឿងនេះ មនុស្សក៏ចាប់ផ្តើមដឹងថា នៅពេលនិយាយ​អំពីស្រោមអនាម័យ គឺសំដៅលើការរួមភេទដោយសុវត្ថិភាពមិនឆ្លងរោគ និងគិតគូរពីសុខ​ភាពបន្តពូជ។ សេចក្តីរាយការណ៍បែបនេះបានចំណាយពេល​យ៉ា​ង​ច្រើន ដើម្បីអប់រំប្រជាជននៅក្នុងសង្គម ហើយបច្ចុប្បន្ន សង្គមកម្ពុជាពិតជាយល់អំពីស្រោមអនាម័យដែលសំដៅទៅលើ​ការពន្យារ​កំណើត ឬការ​មានកូនដោយមិនចង់បាន ការឆ្លងនិងចម្លងមេរោគអេដស៍/ជំងឺអេដស៍ និងកាម​រោគ។

ដូចដែលអស់លោក លោកស្រី បានដឹងហើយថា អ្នកសារព័ត៌មានត្រូវស្វែងរកការពិត និងរាយការណ៍ជូនសាធារណៈជននៅក្នុងសង្គមរៀងៗខ្លួន ដើម្បីជីវិតកាន់តែប្រសើរឡើង ដោយមានយុត្តិធម៌ តុល្យភាព និងការទទួលខុសត្រូវ។ ទីណាដែលគ្មានកិច្ចការរបស់អ្នកសារព័ត៌មានទេ  នោះសង្គមនឹងមានភាពស្រពិចស្រពិល ហើយគ្មាននរណាបានដឹងពីរឿងដែលអាក្រក់បំផុតបានកើតឡើងរៀងរាល់ថ្ងៃនៅក្នុងសង្គមឡើយ។ បើគ្មានវត្តមានរបស់អ្នកសារព័ត៌មាន ជាពិសេសអ្នកមានវិជ្ជាជីវៈ និងឯករាជ្យនោះទេ នោះបញ្ហាអវិជ្ជមានជាច្រើនអាចកើតឡើងដូចជា៖ អំពើពុករលួយ ការ​រំលោភសិទ្ធិមនុស្ស ការជួញដូរមនុស្ស (ជា​ពិសេសជួញដូរ​ស្ត្រី និងកុមារ) ការរួមភេទ និងការ​កេង​ប្រវ័ញ្ចកម្លាំងពលកម្មកុមារ ការជួញដូរគ្រឿងញៀន សេវាសាធារណៈមិនល្អ និង​បញ្ហា​សង្គមផ្សេងៗ​​ទៀត សូម្បី​​​​តែបញ្ហា​ជ្រុល​និយមលើវប្បធម៌​និង​សាសនា។​

ជា​មួយនឹងកាអវត្តមានអ្នកសារព័ត៌មាន និងអត្ថបទរបស់ពួកគេនៅក្នុងសង្គម នោះបញ្ហាអវិជ្ជមានជាច្រើនត្រូវបានលាក់បាំង។

ពិតណាស់ នៅពេលដែលយើងនិយាយអំពីការផ្លាស់ប្តូរសង្គម គឺមិនមែនមានន័យថា ផ្លាស់ប្តូរសង្គម​ទាំងមូល និងផ្លាស់ប្តូររដ្ឋាភិបាល តាមរយៈបដិវត្តន៍ (បដិវត្តន៍ពណ៌) និងធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលមួយនោះទេ ប៉ុន្តែផ្លាស់ប្តូរការគិតបែបអវិជ្ជមានឱ្យទៅជាវិជ្ជមាន ដើម្បីជីវិតកាន់​តែ​ប្រសើរ។

ដោយទទួលស្គាល់តួនាទីរបស់អ្នកសារព័ត៌មានក្នុងសង្គម រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ បានបើកកម្មវិធីឆ្នាំទី១របស់ខ្លួន ដើម្បីផ្តល់រង្វាន់ ដនិងថ្លែងអំណរគុណដល់អ្នកសារព័ត៌មានជើងចាស់ចំនួន១៤រូប ដែលបានបម្រើការក្នុងអង្គភាពផ្សេងៗគ្នាតាំងពីទស្សវត្សរ៍ឆ្នាំ ១៩៧០។

ជាចុងក្រោយ ខ្ញុំសូមអំពាវនាវដល់រដ្ឋាភិបាល និងអាជ្ញាធរទាំងអស់នៅក្នុងពិភពលោក មេត្តាផ្តល់ឱកាស​ដោយ​សេរីដល់​អ្នកសារព័ត៌មាន និងផ្តល់សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មានដល់ពួកគេ។ ទន្ទឹមនឹងនោះ ខ្ញុំក៏សូមអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ សូមបង្កើនសមត្ថភាព និងលើកកម្ពស់ការងាររបស់ខ្លួន​ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ ដើម្បីឲ្យអត្ថបទព័ត៌មាន និងអត្ថបទទស្សនៈរបស់ខ្លួនមានឥទ្ធិពល ដើម្បីផ្លាស់ប្តូរសង្គម គឺផ្លាស់ប្តូរបែបវិជ្ជមាន និងរួមនឹងការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាប័ន្ន។

សូមព្រះ​ប្រទាន​ពរ​ដល់​អ្នក​ទាំងអស់គ្នា។

សូមអរគុណ

Related Articles

Back to top button
Close
Close