Neil Armstrong អវកាសយានិកដែលបានជាន់ដីព្រះចន្ទមុនគេ ទទួលមរណភាពក្នុងវ័យ៨២ឆ្នាំ
លោក Neil Armstrong អវកាសយានិកអាមេរិក ដែលមានឈ្មោះល្បីសុះសាយ ពាសពេញពិភពលោក បានទទួលមរណភាព កាលពីថ្ងៃសៅរ៍ម្សិលមិញ ក្នុងវ័យ ៨២ឆ្នាំ ក្រោយពីបានទទួលការវះកាត់បេះដូង កាលពីដើមខែសីហានេះ។ លោក Armstrong ត្រូវគេស្គាល់ជាទូទៅថាជាមនុស្សដំបូងបំផុត ដែលបានឈានជើង ជាន់ដីព្រះចន្ទ។ លោកបារ៉ាក់ អូបាម៉ា បានថ្លែងថាលោក Neil Armstrong គឺជាវរជនដ៏អស្ចារ្យម្នាក់ ក្នុងចំណោមវរជនក្នុងប្រវត្តិសាស្រ្តអាមេរិក។
កើតថ្ងៃទី៥ សីហា ឆ្នាំ១៩៣០ នៅរដ្ឋ Ohiao លោក Neil Armstrong មានចិត ស្រឡាញ់ការហោះហើរតាំងពីនៅកុមារ ហើយលោកបានទទួលអាជ្ញាប័ណ្ណជា អ្នកបើកបរយន្តហោះ តាំងពីអាយុ១៦ឆ្នាំ។ លោកបានបញ្ចប់ការសិក្សាថ្នាក់ សកលវិទ្យាល័យ ខាងផ្នែកវិស្វកម្មយន្តហោះ និងធ្លាប់បើកបរយន្តហោះ ចម្បាំង ក្នុងកងទ័ពជើងទឹកអាមេរិក នៅក្នុងអំឡុងសង្រ្គាមកូរ៉េ មុននឹងចូល បម្រើការងារឲ្យទីភ្នាក់ងារអវកាសអាមេរិក (NASA) នៅឆ្នាំ១៩៦២។
នៅខែកក្កដា ឆ្នាំ១៩៦៩ យានអវកាសឈ្មោះ Appollo 11 បញ្ជាដោយ លោក Neil Armstrong រួមជាមួយនឹងសហការីពីររូបទៀត គឺ Buzz Aldrin និង Michael Collins បានហោះចេញពីរដ្ឋ Florida ឆ្ពោះទៅកាន់ព្រះ ចន្ទក្នុងដំណើរ ដែលត្រូវបានកត់ត្រាក្នុង ប្រវត្តិសាស្រ្តរបស់មនុស្សជាតិ។
ក្រោយពីចំណាយពេល ៤ថ្ងៃ ធ្វើដំណើរកាត់ទីអវកាស ក្នុងរយៈចម្ងាយប្រមាណ ៤០ម៉ឺនគីឡូម៉ែត្រ នៅថ្ងៃទី២០ កក្កដា ម៉ោង ១០ និង៥៦នាទីយប់ម៉ោង នៅ អាមេរិក (ត្រូវនឹងម៉ោង ១០ និង៥៦នាទី ព្រឹកថ្ងៃទី២១ នៅប្រទេសកម្ពុជា) លោក Neil Armstrong ក្នុងវ័យ ៣៨ឆ្នាំ បានឈានជើងចុះពីយាន ជាន់ដីព្រះចន្ទជាលើក ដំបូងបង្អស់នៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិហើយបានចំណាយពេល២ ម៉ោង និង៣២នាទី នៅលើព្រះចន្ទ។
លោក Neil Armstrong ត្រូវបានគេស្គាល់ថា ជាវរជនអាមេរិក និងជាអវកាស យានិកដ៏ល្បីល្បាញបំផុត នៅលើពិភពលោក ក៏ប៉ុន្តែ លោកគឺជាមនុស្សម្នាក់ ដែលចូលចិត្តរស់នៅដោយស្ងាត់ស្ងៀម។មិនសូវបង្ហាញមុខជាសាធារណៈ។ មិនចូលចិត្តផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ។ សូម្បីតែហត្ថលេខាក៏ លោកមិនចង់ឲ្យទៅអ្នកណាដែរ ជាពិសេស ក្រោយពីដឹងថា ហត្ថលេខា របស់លោកត្រូវបានគេយកទៅលក់ដូរ ក្នុងតម្លៃខ្ពស់។
ក្រោយពីបានលាឈប់ពីការងារ នៅ NASA នៅឆ្នាំ១៩៧១ លោក Neil Armstrong បានចាប់យកអាជីពជាសាស្រ្តចារ្យវិស្វកម្ម នៅសកលវិទ្យាល័យ ហើយរស់នៅក្នុងជីវិតដ៏សាមញ្ញមួយ នៅក្នុងរដ្ឋ Ohio រហូតដល់ថ្ងៃលោក ទទួលមរណភាព។
ក្រោយពីបានទទួលដំណឹងអំពីមរណភាពរបស់លោក Neil Armstrong អ្នកវិទ្ យាសាស្រ្ត និងថ្នាក់ដឹកនាំអាមេរិកគ្រប់ជាន់ថ្នាក់ និងគ្រប់និន្នាការនយោបាយ បានមូលមតិគ្នា លើកសរសើរ និងរំឭក អំពីវីរភាពរបស់អវកាសយានិករូបនេះដែលជា និមិត្តរូបនៃជោគជ័យរបស់អាមេរិកក្នុងសង្រ្គាមត្រជាក់ ដែលអាមេរិក កំពុង ប្រណាំង ប្រជែងជាមួយសហភាពសូវៀត ក្នុងទីអវកាស៕ដោយ សេង ឌីណា(RFI)