សម្តេចតេជោ ណែនាំដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការរៀបចំពិធីមង្គលការ
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ ក្នុងសារសំឡេងពិសេសផ្ញើជូនជនរួមជាតិនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញការណែនាំថ្មី ដោយអនុញ្ញាតឱ្យការរៀបអាពាហ៍ពិពាហ៍ អាចអញ្ជើញភ្ញៀវចូលរួមរហូតដល់ខ្ទង់ពាន់នាក់ តែត្រូវផ្អែកលើទីតាំង ជាពិសេសគោលការរកម្សាគម្លាតសុវត្ថិភាព។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «យើងយកស្តង់ដា នៃការអនុវត្តតាមវិធានសុខាភិបាល ដោយគម្លាតត្រូវដាក់មួយតុចំនួន៧នាក់ ប្រសិនបើមានទីតាំងធំ អ្នកម្ចាស់ដើមការអាចអញ្ជើញភ្ញៀវទៅតាមចំនួនដែលអាចធ្វើធំបាន ដោយអាចអញ្ជើញ ពី៥០០នាក់ ទៅ៧០០នាក់ ឬដល់ ១ពាន់នាក់ ប៉ុន្តែត្រូវធានាចាំបាច់នូវការរក្សាគម្លាតទៅតាមតុ ដែលត្រូវបានរៀបចំ»។
ជាមួយនឹងការបើកទូលាយឱ្យមានការអញ្ជើញភ្ញៀវចូលរួមច្រើននេះ សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តដល់ម្ចាស់ដើមការត្រូវអញ្ជើញភ្ញៀវដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួនពីរដូសរួចរាល់ ហើយអ្នកមិនបានចាក់វ៉ាក់សាំង ព្រោះហេតុផលសុខភាពដែលគ្រូពេទ្យមិនអនុញ្ញាតនោះ ក៏អាចអញ្ជើញចូលរួមបានផងដែរ។
ដោយឡែកអ្នកមិនបានចាក់វ៉ាក់សាំង ព្រោះការគេចវេស សម្តេចតេជោ មិនលើកទឹកចិត្តឱ្យអញ្ជើញចូលរួមកម្មវិធីនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា សម្រាប់អ្នកចូលរួមក្នុងពិធីទាំងពីរខាងលើនេះ ត្រូវប្រកាន់ខ្ជាប់នូវវិធានសុខាភិបាលក្នុងការការពាររីករាលដាលជំងឺកូវីដ១៩ ដោយមានម៉ាស់ និងអាល់កុលជាប់តាមខ្លួនជាប្រចាំ៕