សម្តេចតេជោ អនុញ្ញាតឱ្យ​រៀបចំពិធីមង្គលការឡើងវិញ ប៉ុន្តែអ្នកចូលរួម​ច្រើនបំផុតត្រឹម២០០នាក់

សារព័ត៌មាន Cambodia News/

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសអនុញ្ញាតឱ្យប្រជាពលរដ្ឋរៀបចំពិធីមង្គលការឡើងវិញ ប៉ុន្តែមង្គលការនោះ ត្រូវកំណត់ឱ្យមានភ្ញៀវចូលរួមច្រើនបំផុតត្រឹម២០០នាក់ប៉ុណ្ណោះ ដែល​​ក្នុងចំណោម ២០០នាក់នេះ មិនបូកបញ្ចូលអ្នកភ្លេង អាចារ្យ និងអ្នកបម្រើសេវាកម្មផ្សេងទៀតឡើ។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញសម្ពោធ អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាសមិទ្ធផលថ្មីដ៏ពិសិដ្ឋនៃស្ថាបត្យកម្មរបស់ជាតិកម្ពុជា តម្លៃជាង២៨លានដុល្លារអាមេរិក នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

អគារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសមិទ្ធផលមួយ ដែលបង្ហាញពីគុណតម្លៃនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកម្ពស់តម្លៃស្ថាបត្យកម្ម ដែលជាស្នាដៃផ្ទាល់របស់កូនខ្មែរ ហើយក៏បានបង្ហាញនូវសមត្ថភាពរបស់រាជរដ្ឋាភិបាលលើការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ ដើម្បីបង្កើតនូវសមិទ្ធផលជាទីមោទនភាពសម្រាប់ជាតិផងដែរ។

អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានទីតាំងស្ថិតនៅ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាប៉ែកខាងជើងឆៀងខាងលិចរាជធានីភ្នំពេញ ត្រូវបានប្រារព្ធពិធីបើការដ្ឋានសាងសង់នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ។

អគារនៃក្រសួងនេះសាងសង់នៅលើផ្ទៃដីទំហំ ៤.៥ហិកតា មានទំហំតួអគារបណ្ដោយប្រវែង ១៣២.៧ ម៉ែត្រ និងទទឹងប្រវែង ៩៤.៧ម៉ែត្រ មានចំនួន ៨ជាន់ កម្ពស់សរុបពីទ្រនាប់ខ្សាច់ ដល់ចុងកំពូលបុស្បុក ៨៨.៥ម៉ែត្រ ក្នុងនោះមានកម្ពស់បុស្បុក ៣៣.២៨ម៉ែត្រ មានចំណតរថយន្តប្រមាណ ៤៥០គ្រឿង និងចំណតទោចក្រយានយន្តជាច្រើនគ្រឿងទៀត៕

Related Articles

Back to top button
Close
Close