សម្តេចតេជោ អំពាវនាវឱ្យចៀសវាងបញ្ជូនអ្នកជំងឺកូវីដ១៩ ពីខេត្តមកព្យាបាលនៅភ្នំពេញ
ព្រោះអាចធ្វើឱ្យអ្នកជំងឺកាន់តែធ្ងន់ទៅវិញ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៩ តុលា ២០២១) ៖ តាមរយៈសារសំឡេងផ្ញើទៅកាន់ជនរួមជាតិ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ជនរួមជាតិឱ្យជឿទុកចិត្តមន្ទីរពេទ្យនៅតាមបណ្តាខេត្ត ហើយចៀសវាងនូវការបញ្ជូនអ្នកជំងឺកូវីដ១៩ ពីបណ្តាខេត្តមករាជធានីភ្នំពេញ
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រសិនបើមានការចាត់បញ្ជូនអ្នកជំងឺពីខេត្តមកកាន់រាជធានីភ្នំពេញ នឹងនាំឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរមិនអាចជួយបាន ដោយសារតែការធ្វើដំណើរតាមផ្លូវ និងត្រូវម៉ាស៊ីនត្រជាក់ទៅ។
ការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីសម្តេចសង្កេតឃើញថា មានការបញ្ជូនអ្នកជំងឺកូវីដ១៩ ពីបណ្តាខេត្តមករាជធានីភ្នំពេញ ដែលការបញ្ជូននេះមិនមែនជាការសម្រេចចិត្តរបស់មន្ទីរពេទ្យនោះទេ ប៉ុន្តែជាការបញ្ជូនដោយក្រុមគ្រួសារអ្នកជំងឺ។
សម្តេចបញ្ជាក់ថា ករណីនេះកន្លងទៅបានបង្កឱ្យគ្រោះថ្នាក់ដល់អ្នកជំងឺ យោងតាមការស្រាវជ្រាវរបស់គ្រូពេទ្យ ប្រសិនបើអ្នកជំងឺនេះធ្វើដំណើរឆ្ងាយតាមរថយន្ត ដោយមានម៉ាស៊ីនត្រជាក់ ធ្វើឱ្យអ្នកជំងឺកាន់តែធ្ងន់ទៅវិញ ដែលមកដល់មន្ទីរពេទ្យពិបាកស្រោចស្រង់តែម្តង៕