ថៃសម្រេចពន្យារផែនការបើករាជធានីបាងកក និងទីក្រុងធំៗមួយចំនួនទៀតឡើងវិញ
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ September 23, 2021
បាងកក ៖ តាមការចេញផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍ ដោយសារអត្រានៃការចាក់វ៉ាក់សាំង COVID-19 មានល្បឿនយឺតជាងការរំពឹងទុករដ្ឋាភិបាលថៃបានសម្រេចពន្យារផែនការបើករាជធានីបាងកក និងទីក្រុងធំៗមួយចំនួនទៀតឡើងវិញ ដើម្បីទទួលទេសចរបរទេស រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២១។
កន្លងមកនេះ អាជ្ញាធរថៃបានឲ្យដឹងថា ពួកគេគ្រោងនឹងបើកទទួលភ្ញៀវទេសចរ ដែលបានចាក់វ៉ាក់សាំង COVID-19 រួចរាល់ ដោយពុំចាំបាច់ត្រូវធ្វើចត្តាឡីស័ក នៅតាមទីក្រុងធំៗដូចជា បាងកក, Hua Hin, Pattaya និង Chiang Mai នៅខែតុលា ឆ្នាំ២០២១ ដើម្បីស្តារវិស័យទេសចរណ៍ដ៏សំខាន់ឡើងវិញ។
សូមជម្រាបថា គិតរហូតមកដល់ពេលនេះ ថៃចាក់វ៉ាក់សាំង COVID-19 គ្រប់ដូស ឲ្យប្រជាជនបាន២២ភាគរយ ក្នុងចំណោមប្រជាជនសរុបជាង ៧០លាននាក់ ខណៈរាជធានីបាងកក សម្រេចបាន៤៤ភាគរយ។
សម្រាប់ករណីឆ្លងសរុបនៅទូទាំងប្រទេសវិញ ថៃមាន១.៥១លាននាក់ ក្នុងនោះមានអ្នកស្លាប់១៥,៧៥៣នាក់ និងជាសះស្បើយជាង១.៣៦លាននាក់៕