លោក ឆាយ សុផល ចេញសៀវភៅថ្មីមានចំណងជើងថា «រាជរដ្ឋាភិបាលកម្ពុជា-សង្គ្រាមដណ្តើមជីវិតពលរដ្ឋពីមាត់ជ្រោះមរណៈ កូវីដ-១៩»
សារព័ត៌មាន Cambodia News/
ថ្ងៃចេញផ្សាយៈ August 29, 2021
ភ្នំពេញ ៖ លោក ឆាយ សុផល សាស្រ្តាចារ្យព័ត៌មានបានឲ្យដឹងថា សៀវភៅថ្មីដែលមានចំណងជើងថា «រាជរដ្ឋាភិបាលកម្ពុជា-សង្គ្រាមដណ្តើមជីវិតពលរដ្ឋពីមាត់ជ្រោះមរណៈ កូវីដ-១៩» មានកម្រាស់ជិត ៩០០ទំព័រជាកំណត់ត្រាប្រវត្តិសាស្រ្តមនុស្សជាតិ និងដ៏កម្រមួយ ដែលអាចមានសារប្រយោជន៍សម្រាប់អនុជន។
លោក ឆាយ សុផល បានបញ្ជាក់ថា កំណត់ត្រានេះបានចារទុកពីសកម្មភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសការខិតខំប្រឹងប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រឹងប្រែងស្វះស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់ច្រកល្ហក យកមកចាក់ជូនប្រជាជនកម្ពុជារាប់លាននាក់នៅទូទាំងប្រទេស រួមទាំងជនបរទេសដែលរស់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជាផងដោយឥតគិតថ្លៃ។
លោកបានបន្តថា «ប្រសិនបើគ្មានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាក់បានទាន់ពេលវេលា ហើយបើសម្តេច តេជោ មិនមានយុទ្ធសាស្រ្តត្រៀមប្រយុទ្ធ ដើម្បីទប់ទល់នឹងជំងឺនេះទុកជាមុនទេ នោះអន្តរាយដ៏ធំអាចកើតមានសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា» ដែលលោក បានចាត់ទុកកិច្ចប្រឹងប្រែងទាំងនេះ ប្រៀបបាននឹងសង្គ្រាមដណ្តើមជីវិតពលរដ្ឋពីមាត់ជ្រោះមរណៈ។
ដោយសារតែរឿងរ៉ាវចេះតែបន្ត លោក ឆាយ សុផល ក៏បានសម្រេចចេញសៀវភៅជាភាគ១សិន ដែលផ្តោតលើព្រឹត្តិការណ៍ចាប់ពីចុងខែឆ្នូ ឆ្នាំ២០១៩ មកដល់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ ជាថ្ងៃដំបូងនៃការបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់កុមារ និងយុវវ័យអាយុចន្លោះពី ១២ឆ្នាំដល់ក្រោម ១៨ឆ្នាំ។
សម្រាប់សៀវភៅភាគ២ ដែលបន្តចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ទៅ លោក ឆាយ សុផល បានបញ្ជាក់ថា កំពុងដំណើរហើយ ហើយគិតមកដល់ចុងខែសីហានេះគឺបានជាង១០០ទំព័ររួចទៅហើយ។
លោក ឆាយ សុផល បានថ្លៃងអំណរគុណលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានរួមគ្នាជួយឱ្យសៀវភៅនេះមានជារូបរាងឡើង ។ លោកថា សៀវភៅនេះនឹងចែកជូនទៅបណ្ណាល័យជាតិ និងបណ្ណាល័យសាកលវិទ្យាល័យនានានៅទូទាំងប្រទេស ហើយក៏មានដាក់នៅតាមបណ្ណាគារខ្លះដែរ។
លោក សុផល និយាយបែបកំប្លែងថា “តាមពិត ទម្រាំបានសៀវភៅមួយច្បាប់ៗគឺហត់ណាស់ ពេលខ្លះស្រ្តេស្ត ហើយយប់ខ្លះ ខួរក្បាលអៀរឺ (ច្របូកច្របល់) ដេកអត់លក់ខុសពីអ្នកលក់អត់ដេក (អ្នកលក់ដូរពេលយប់)។ បើគ្មានការព្យាយាម និងមិនអត់ធ្មត់ទេ នោះអំបិលជាគ្នា។ កាន់តែលំបាក និងការប្រយ័ត្នប្រយែងបំផុតគឺការសរសេរ និងការចងក្រងសៀវភៅ ឯកសារ ក៏ដូចជាកំណត់ត្រាបែបប្រវត្តិសាស្រ្ត ដែលផ្ទុយស្រឡះពីសំណេរបែបអក្សរសិល្ប៍ មានដូចជាប្រលោមលោក កំណាព្យ និងចម្រៀងជាដើម ព្រោះបែបប្រវត្តិសាស្រ្តទាមទារបង្ហាញគន្ថនិទ្ទេស ឈ្មោះនិងកាលបរិច្ឆេទព្រឹត្តិការណ៍ឱ្យបានច្បាស់លាស់ ពោលគឺត្រូវផ្ទៀងផ្ទាត់ប្រភពឱ្យបានជាក់លាក់។ នេះមិនទាន់គិតពីការប្រើប្រាស់ពាក្យ ប្រយោគ ឃ្លាឃ្លោង និងអក្ខរាវិរុទ្ធផង”។
អ្នកនិពន្ធសៀវភៅរូបនេះបន្តថា “ខ្ញុំខ្លាចគេឯងពិបាករកឯកសារនៅថ្ងៃក្រោយ។ ហេតុនេះ ខ្ញុំចេះតែអង្គុយសំកុកតាមដានព្រឹត្តិការណ៍ និងចងក្រងដាក់ក្នុងមួយសៀវភៅទៅ ហើយថ្ងៃក្រោយ បើមាននរណាចង់រម្លឹក និងចង់ដឹងពីហេតុការណ៍នានាដែលកើតមាននៅក្នុងកាលៈនៃការរាតត្បាតមេរោគកូវីដ-១៩ នោះគេនឹងនឹកឃើញ និងដឹងថា តើប្រជាជន និងប្រទេសពើបប្រទះក្តីលំបាកយ៉ាងណា ហើយថ្នាក់ដឹកនាំប្រទេស រួមនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ប្រឹងប្រែងរបៀបម៉េចនៅចំពោះមុខកលិយុគនេះ ខណៈដែលដៃម្ខាងរបស់រាជរដ្ឋាភិបាលប្រឹងថែរក្សាសន្តិភាព និងអភិវឌ្ឍប្រទេស ខណៈដៃម្ខាងទៀតទប់ទល់នឹងកូវីដ-១៩ដើម្បីសង្រ្គោះជីវិតពលរដ្ឋ។ នេះមិនទាន់គិតពីក្រុមបំពុលសង្គម បង្កើតព័ត៌មានក្លែងក្លាយ ប្រតិដ្ឋរឿងមិនពិតក្នុងចេតនាស្មោកគ្រោកផង”។
លោក សុផល ក៏បានអំពាវនាវដែរថា “សូមពលរដ្ឋ ជាពិសេសយុវវ័យ និងយុវជនត្រូវឆ្លៀតពេលអានសៀវភៅឱ្យបានច្រើន។ ដំបូង អានសៀវភៅដែលជាចំណង់និងពាក់ព័ន្ធជំនាញរបស់ខ្លួន ហើយបន្ទាប់មក អានសៀវភៅផ្សេងៗដែលខ្លួនគិតថាពេញចិត្ត ព្រោះជាជម្រើស។ អានច្រើនកើនគំនិត ការគិតកាន់តែទូលាយ ការវិភាគកាន់តែស៊ីជម្រៅ ហើយការសម្រេចចិត្តកាន់តែត្រឹមត្រូវ ដោយកុំវាយតម្លៃសៀវភៅ តែលើក្របមុខក្រោយ។ ទន្ទឹមនឹងនោះ សូមឪពុកម្តាយនិងអាណាព្យាបាលគួររៀបចំបណ្ណាល័យតូចមួយនៅផ្ទះសម្រាប់គ្រួសារ ហើយឧស្សាហ៍ទិញសៀវភៅឱ្យកូនអាន ជាជាងទិញគ្រៀងស្រវឹងផឹកខ្លួនឯងឥតអសារ។ ខ្ញុំមិនឃាត់រឿងផឹកទេ នោះជាសិទ្ធិ តែកុំភ្លេចទិញសៀវភៅអានឱ្យកូន និងជំរុញកូនៗឱ្យប្រឹងរៀនសូត្រផង ហើយពេលនេះ សូមកុំភ្លេច ៣កុំ ៣ការពារ”៕ ដោយ ៖ ហេង នាង