ទង់ជាតិ​​នៅលើ​​រថយន្ត​​នៃ​ឯក​អគ្គរដ្ឋទូត​​ជប៉ុន​​ប្រចាំ​​ប៉េកាំង​​បានត្រូវ​​គេ​​កន្ត្រាក់​​ចោល​​

លោករដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន បានថ្លែងឲ្យដឹងនៅថ្ងៃអង្គារទី២៨សីហាឆ្នាំ ២០១២នេះថា ឧប្បត្តិហេតុដែលទង់ជាតិនៅលើរថយន្តនៃឯកអគ្គរដ្ឋទូតជប៉ុនប្រចាំទីក្រុង ប៉េកាំងបានត្រូវគេកន្ត្រាក់ចោល គឺជា “ឧប្បត្តិហេតុមួយដ៏គួរឲ្យសោកស្តាយ”។

ទង់ជាតិនៅលើរថយន្តនៃឯកអគ្គរដ្ឋទូតជប៉ុនប្រចាំទីក្រុងប៉េកាំងបាន ត្រូវជនម្នាក់កន្ត្រាក់ ចោល។ លោកឯកអគ្គរដ្ឋទូតជប៉ុនពុំបានទទួលរងរបួសអ្វីឡើយនាឱកាសកើតមាន ឧប្បត្តិហេតុនៅល្ងាចថ្ងៃចន្ទម្សិលមិញ។នេះជាការបញ្ជាក់របស់អ្នកទទួលខុសត្រូវនៃក្រសួង ការបរទេសជប៉ុន។

 នៅចំពោះមុខអ្នកកាសែត លោករដ្ឋមន្ត្រី Koichiro Gemba បានថ្លែងថា “ជាការគួរឲ្យ សោកស្តាយណាស់ដែលទង់ជាតិតំណាងសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិ ហើយនិង តំណាងគោលការណ៍នៃច្បាប់អន្តរជាតិពុំបានត្រូវគេគោរព”។ លោករដ្ឋមន្ត្រី Koichiro Gemba បានប្រកាសឲ្យដឹងទៀតថា លោកអនុរដ្ឋមន្ត្រីជប៉ុននៃក្រសួងការបរទេសលោក Tsuyoshi Yamaguchi អញ្ជើញទៅទីក្រុងប៉េកាំងនៅថ្ងៃអង្គារនេះ ដើម្បីយកលិខិតរបស់ លោក នាយករដ្ឋមន្ត្រីជប៉ុន Yoshihiko Noda ទៅជូនលោកប្រធានាធិបតីចិន ហ៊ូជិនតាវ ពាក់ព័ន្ធនឹងឧប្បត្តិហេតុដ៏គួរឲ្យសោកស្តាយនេះ។

ចំណែកឯអាជ្ញាធរចិនវិញគេបានថ្លែងប្រាប់ថា គេនឹងធ្វើការអង្កេត “យ៉ាងមុតមាំ” ទៅលើ ឧប្បត្តិហេតុនេះ។ គួរបញ្ជាក់ថា ឧប្បត្តិហេតុនៅល្ងាចថ្ងៃចន្ទម្សិលមិញនេះ កើតមាននៅចំ ពេលដែលភាពតានតឹងបានផ្ទុះឡើងរវាងប្រទេសចិននិងប្រទេស ជប៉ុន ពាក់ព័ន្ធនឹងបញ្ហា អធិបតេយ្យនៃកោះ Diaoyu ជាភាសាចិន ឬកោះ Senkaku ជាភាសាជប៉ុន ដែលឋិតនៅ ក្នុងសមុទ្រចិនខាងកើត។ កោះនេះកាន់កាប់ដោយប្រទេសជប៉ុន ប៉ុន្តែឋិតនៅក្រោមការ ទាម ទាររបស់ទីក្រុងប៉េកាំង។

បាតុកម្មប្រឆាំងជប៉ុនជាច្រើនបានកើតមាននារយៈពេលប៉ុន្មានថ្ងៃ ចុងក្រោយនេះនៅតាម ទីក្រុងចិនជាច្រើន ក្រោយពីសកម្មជនចិនជាច្រើននាក់មកពីទីក្រុងហុងកុងបាន ត្រូវ អាជ្ញាធរ ជប៉ុនចាប់ខ្លួន ក្រោយពីសកម្មជនចិនទាំងនោះបានចុះនៅថ្ងៃទី១៥ សីហាកន្លង ទៅ នៅលើកោះដែលឈ្លោះដណ្តើមដោយទីក្រុងតូក្យូនិងទីក្រុងប៉េកាំង។ ប៉ុន្តែអ្នកជាតិ និយមចិនទាំងនោះក៏បានត្រូវអាជ្ញាធរជប៉ុនដោះលែងឲ្យ មានសេរីភាពវិញ។

ទាំងនេះបានបណ្តាលឲ្យ លោករដ្ឋមន្ត្រីជប៉ុន Koichiro Gemba ថ្លែងថា “យើងគួរ ពិភាក្សាចរចាគ្នាពីស្ថានភាពនៃទំនាក់ទំនងរវាងប្រទេសចិននិង ប្រទេសជប៉ុន ហើយនិង ពីស្ថានការណ៍ក្នុងតំបន់ដែលក្នុងនោះក៏មានផងដែរបញ្ហា ពាក់ព័ន្ធនឹងឧបទ្វីបកូរ៉េ”។

សូមបញ្ជាក់ថា ទំនាក់ទំនងរវាងទីក្រុងតូក្យូនិងទីក្រុងសេអ៊ូលបានធ្លាក់ចុះដុនដាប យ៉ាង ខ្លាំង ក្រោយពីថ្ងៃទី១០សីហាឆ្នាំ២០១២ ថ្ងៃដែលលោកប្រធានាធិបតីកូរ៉េខាងត្បូង លី ម្ញុង បាក បានអញ្ជើញទៅកោះដែលឈ្លោះដណ្តើមគ្នារវាងប្រទេសជប៉ុននិងប្រទេស កូរ៉េ ខាងត្បូង ហើយដែលភាគីជប៉ុនយល់ថា ជាការរករឿងបង្កហេតុដោយទីក្រុងសេអ៊ូល ៕ ដោយ សៀក សារិន(RFI)

Related Articles

Back to top button
Close
Close