ករណីសាច់ក្របីនាំចូលពីប្រទេសឥណ្ឌាមកកម្ពុជាមានផ្ទុកវីរុសកូវីដ១៩ ស្ថានទូតឥណ្ឌា ស្នើសុំធ្វើតេស្តម្តងទៀត
សារព័ត៌មាន Cambodia News/
ភ្នំពេញ ៖ ចំពោះការរកឃើញវីរុសកូវីដ១៩នៅលើសាច់ក្របីដែលនាំចូលពីប្រទេសឥណ្ឌា មកកម្ពុជាត្រូវបានរកឃើញមានផ្ទុកវីរុសកូវីដ១៩ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា បានបង្ហាញការមិនអស់ចិត្ត ដោយស្នើសុំធ្វើតេស្តម្តងទៀតទៅលើសាច់ក្របីនោះ។
ស្ថានទូតឥណ្ឌាបានអះអាងថាសាច់ក្របីនេះត្រូវបានត្រួតពិនិត្យពីមន្ទីរពិសោធន៍ឥណ្ឌា ស្របតាមស្តង់ដាISO ត្រឹមត្រូវមុននឹងនាំចូលមកប្រទេសកម្ពុជា។ មួយវិញទៀតសាច់ក្របីនេះនាំចេញមកតាមផ្លូវទឹក តាំងពីខែមេសា មកដល់កម្ពុជានៅខែកក្កដា ដែលគ្មានភស្តុតាងវិទ្យាសាស្ត្រណាបង្ហាញថា វីរុសកូវីដ១៩ អាចរស់បានលើសម្ភារៈវេចខ្ចប់អាហារនិងចំណីអាហារ ក្នុងរយពេលជិត៣ខែនោះទេ។
ករណីនេះស្ថានទូតឥណ្ឌាប្រចាំកម្ពុជាស្នើសុំឲ្យធ្វើពិសោធន៍(តេស្ត)ម្តងទៀត ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ថាតើមានវីរុសកូវី១៩នៅលើសាច់ក្របីដែលបាននាំចូលពីប្រទេសឥណ្ឌនោះដែរឬអត់។
សូមជម្រាបថា កាលពីថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ អាជ្ញាធរខេត្តកំពង់ស្ពឺបានប្រកាសថា សមត្ថកិច្ចគយកម្ពុជា បានចាប់បានសាច់ក្របីក្លាស្សេចំនួន៣កុងតឺនរ័ដែលមានផ្ទុកវីរុសកូវីដ១៩ ខណដែលសាច់ក្របីនោះត្រូវបាននាំចូលពីប្រទេសឥណ្ឌា។
សាច់ក្របីទាំងនោះនឹងត្រូវយកទៅដុតបំផ្លាញចោលនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺក្នុងរយពេល២-៣ថ្ងៃខាងមុខនេះផងដែរ៕