លោកជំទាវ ឱ វណ្ណឌីន ៖ មិនទាន់មានការសិក្សាស្រាវជ្រាវច្បាស់លាស់ជុំវិញការចាក់វ៉ាក់សាំងលាយគ្នានៅឡើយនោះទេ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៥ កក្កដា ២០២១)ក្នុងឱកាសនាំយកថវិកាចំនួន១០លានរៀលព្រមទាំងសម្ភារៈផ្សេងទៀត ជាជំនួយឧបត្ថម្ភសម្តេចតេជោ ហ៊ុន សែន ប្រគល់ជូនអ្នកចាក់វ៉ាក់សាំងទី៥លាន នៅព្រឹកថ្ងៃទី១៤ ខែកក្កដា លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានឱ្យដឹងថា មិនទាន់មានការសិក្សាស្រាវជ្រាវណាមួយច្បាស់លាស់ ជុំវិញប្រសិទ្ធិភាពការចាក់វ៉ាក់សាំងលាយគ្នានៅឡើយនោះទេ។
លោកជំទាវ ឱ វណ្ណឌីន បានមានប្រសាសន៍បញ្ជាក់ថា មុននឹងធ្វើការសម្រេចចិត្តយើងត្រូវមានការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រ មានន័យថាភស្តុតាង ដែលបានមកពីការសិក្សា ប៉ុន្តែការសិក្សានេះ គឺទាមទារពេលវេលាយូរ ។
អង្គកាសុខភាពពិភពលោក ក៏មិនទាន់ផ្តល់នូវអនុសាសន៍ នៅក្នុងការប្រើប្រាស់វ៉ាក់សាំងលាយបែបនេះដែរ។ អង្គការសុខភាពពិភពលោក ក៏បានចេញផ្សាយការហាមប្រាម មិនឱ្យចាក់វ៉ាក់សាំងលាយគ្នាដែរកាលពីពេលថ្មីៗនេះ។
លោកជំទាវ ឱ វណ្ណឌីន បានយល់ឃើញថា វ៉ាក់សាំងផលិតចេញមក មានភាពខុសគ្នា បើយើងនិយាយពី ស៊ីណូហ្វាម ស៊ីណូវ៉ាក់វាប្រហាក់ប្រហែលគ្នា ដោយសារតែការប្រើប្រាស់ របៀបរបបផលិតវ៉ាក់សាំង ដូចទៅនឹង វ៉ាក់សាំងនៃជំងឺផ្សេងៗទៀត ដូចជាវ៉ាក់សាំងជំងឺកញ្ជ្រិល និងជំងឺស្អូចជាដើម។
តាមលោកជំទាវបានគូសបញ្ជាក់បន្ថែមថា ការចាក់វ៉ាក់សាំងលាយគ្នាដូច្នេះ គឺកំពុងស្ថិតក្នុងដំណាក់កាលស្រាវជ្រាវ ខណៈមិនទាន់មានភស្តុតាងណាបញ្ជាក់ថា ការធ្វើបែបនេះ មានផលល្អ ឬមិនល្អនៅឡើយ៕