ទោះបីអ្នកនាង សុទ្ធ បញ្ចកា ដកពាក្យបណ្តឹងវិញក៏ដោយ ក៏តុលានៅតែសម្រេចឃុំខ្លួន តារាសម្តែង អេដវីន
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៤ មិថុនា ២០២១) ៖ តារាសម្តែងលោក អេដវីន មានឈ្មោះពិត យិត មាសឧស្សាហ៍ អាយុ២៦ឆ្នាំ នារសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំង ការជួញដូរមនុស្ស កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បញ្ជូនទៅកាន់ ពន្ធនាគារព្រៃស តាមដីកាបង្គាប់ឲ្យឃុំខ្លួន របស់សាលាដំបូង រាជធានីភ្នំពេញ។
លោក អេដវីន ត្រូវបានសមត្ថកិច្ច នៃការិយាល័យ ប្រឆាំងការជួញដូរ មនុស្ស កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ឃាត់ខ្លួន កាលពីវេលាម៉ោង ២ និង១៥នាទី រសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីមានពាក្យបណ្តឹង របស់ភាគីនារីរងគ្រោះ ជាអតីតសង្សារ គឺអ្នកនាង សុទ្ធ បញ្ចកា ពាក់ព័ន្ធករណី អំពើហិង្សាយ៉ាងព្រៃផ្សៃ បង្កឲ្យមានរបួសស្នាម ជាច្រើនកន្លែង។
នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ អ្នកនាង សុទ្ធ បញ្ចកា បានចូលដាក់ពាក្យបណ្តឹង នៅកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ប្តឹងលោក យិត មាសឧស្សាហ៍ ហៅ អេដវីន ថាបានធ្វើសកម្មភាពហិង្សា មកលើខ្លួនប្រាណ របស់អ្នកនាង បណ្តាលមានរបួស ស្នាមធ្ងន់ធ្ងរ ថែមទាំងបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិក្នុងផ្ទះ បណ្តាលឲ្យខូចខាត អស់មួយចំនួន។
ទោះបីជាយ៉ាងនេះក្តី អ្នកនាង សុទ្ធ បញ្ចកា ក៏មិនបានព្យាយាមដកពាក្យ បណ្តឹង វិញនោះដែរ ដោយអ្នកនាង ស្នើសុំដកពាក្យបណ្តឹងម្តងហើយ ម្តងទៀត នៅអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ និងនៅសាលាដំបូង រាជធានីភ្នំពេញ។
តែនៅទីបំផុត លោក យិត មាសឧស្សាហ៍ ហៅ អេដវីន នៅតែត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យប្រឆាំង ការជួញដូរមនុស្ស កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បញ្ជូនទៅកាន់ ពន្ធនាគារព្រៃស តាមដីកាបង្គាប់ឲ្យឃុំខ្លួន របស់សាលាដំបូង រាជធានីភ្នំពេញ៕