វៀតណាមបន្តរកឃើញករណីឆ្លងកូវីដ១៩ ចំនួន២៧២ករណីបន្ថែមទៀត

សារព័ត៌មាន Cambodia News/

វៀតណាម (២២ មិថុនា ២០២១) ៖ តាមតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Viet Nam News កាលពីថ្ងៃទី២១ ខែមិថុនា ​ឆ្នាំ២០២១ ក្រសួងសុខាភិបាលប្រទេសវៀតណាម​​​បានប្រកាសរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ ចំនួន២៧២ ករណីបន្ថែមទៀត ក្នុងនោះ០៥ករណីជាករណីនាំចូល។

តាមប្រភពខាងលើបញ្ជាក់ថា ក្នុងចំណោមករណីសហគមន៍នៅថ្ងៃម្សិលមិញ ទីក្រុងហូជីមីញនៅតែមានចំនួនច្រើនជាងគេ ដោយរកឃើញករណីឆ្លងថ្មីចំនួន១៦៦នាក់ ខណៈដែលទីក្រុងមួយនេះបានសម្រេចរឹតត្បិតវិធានការសុខាភិបាលបន្ថែមកម្រិតទៀត ដោយហាមឃាត់ការជួបជុំគ្នាដែលមានគ្នាលើសពី០៣នាក់ និងរក្សាគម្លាតពីគ្នាឲ្យមាន១.៥ម៉ែតនៅតាមទីសាធារណៈ ក៏ដូចជាហាមចេញក្រៅផ្ទះលើកលែងតែមានកិច្ចការចាំបាច់។

ចំណែកតំបន់ដែលរកឃើញករណីឆ្លងថ្មីៗច្រើនដែរនោះ រួមមានខេត្ត Bac Giang ចំនួន៥១ករណី, ខេត្ត Binh Duong ចំនួន២១នាក់, ខេត្ត Bac Ninh ចំនួន១៣នាក់, ខេត្ត Nghe An ចំនួន០៥នាក់, ទីក្រុង Đà Nẵng ចំនួន០៤ករណី ខណៈ០៧ករណីទៀតនៅតាមខេត្តផ្សេងទៀត។ ទន្ទឹមនោះ ក្នុងថ្ងៃជាមួយគ្នានេះ វៀតណាមក៏បានរាយការណ៍ពីអ្នកស្លាប់ថ្មីដោយជំងឺកូវីដ១៩ ចំនួន០៣នាក់ ផងដែរ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២១ ខែមិថុនា ​ឆ្នាំ២០២១​ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសកើនដល់ចំនួន ១៣,៤៨៣នាក់ ក្នុងនោះស្លាប់ ៦៩នាក់៕

Related Articles

Back to top button
Close
Close