វ៉ាក់សាំងការពារកូវីដ១៩ ចំនួន៥០ម៉ឺនដូសទៀតពីចិន នឹងដឹកមកដល់កម្ពុជានាព្រឹកនេះ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៨ មិថុនា ២០២១) ៖ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ របស់ក្រុមហ៊ុនចិនចំនួន ៥០ម៉ឺនដូសទៀតហើយ នឹងត្រូវដឹកមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២នេះ ។
ចំនួនវ៉ាក់សាំងចំនួន ៥០ម៉ឺនដូសបន្ថែមទៀតនេះ នឹងក្លាយជាចំណែកដ៏សំខាន់ក្នុងការជួយការពារសុខភាពប្រជាពលរដ្ឋកម្ពុជាពីការរាតត្បាតជំងឺកូវីដ១៩។
វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូស ដែលដឹកមកដល់កម្ពុជានៅថ្ងៃនេះ គឺជាវ៉ាក់សាំងជើងទី៦ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់។
គិតពីត្រឹមថ្ងៃទី០៧ ខែកុម្ភៈ មកដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងជាង ៦លានដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ វ៉ាក់សាំងកូវីដ១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុងខែមិថុនានេះ វ៉ាក់សាំងប្រមាណ ៤.៥លានដូស នឹងដឹកមកដល់ប្រទេសកម្ពុជា ដែលជាការជួយឱ្យកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសដែរថា កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២៕