អភិបាលរាជធានីភ្នំពេញច្រានចោលព័ត៌មាន ថានឹងបិទរាជធានីភ្នំពេញឡើងវិញ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១ មិថុនា ២០២១) ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាននៅយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញមកច្រានចោលចំពោះព័ត៌មានដែលបានផ្សព្វផ្សាយថា នឹងបិទរាជធានីភ្នំពេញឡើងវិញ ដោយសារជំងឹកូវីដ១៩ បន្ទាប់ពីចំនួនអ្នកឆ្លងជំងឺនេះ ហាក់មានការកើនឡើង។
បន្ទាប់ពីមានការចែកចាយព័ត៌មានថា អាជ្ញាធរនឹងបិទរាជធានីភ្នំពេញឡើងវិញ ឯកឧត្តម ឃួង ស្រេង បានជម្រាបជូនថា រហូតមកដល់ពេលនេះ យើងមិនទាន់មានគោលការណ៍ពីរាជរដ្ឋាភិបាល ដើម្បីបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញនោះទេ ។
ឯកឧត្តម បានអះអាងថា រហូតមកដល់ពេលនេះ អាជ្ញាធរពាក់ព័ន្ធ រួមជាមួយក្រសួងសុខាភិបាល បាននិងកំពុងបន្ដប្រយុទ្ធប្រឆាំងយ៉ាងសកម្មជាជាមួយជំងឺកូវីដ១៩ ដែលកំពុងមានការឆ្លងរីករាលដាល នៅទូទាំងប្រទេសកម្ពុជា។
ទន្ទឹមនោះ ឯឧត្តមក៏បានបង្ហាញនូវការសោកស្ដាយចំពោះការចែកចាយព័ត៌មាន ដែលមិនទាន់មានការសម្រេចច្បាស់លាស់ ពាក់ព័ន្ធការបិទរាជធានីភ្នំពេញ ឡើងវិញនេះ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ៕