អ្នកសារព័ត៌មានទាំងអស់សុទ្ធតែជាអាយ៉ង!!!!!
ដោយ ឆាយ សុផល
អត្ថបទ Column
អត្ថបទ Column
ទិវាសេរីភាពសារព័ត៌មានសកលលោក នៅថ្ងៃទី ៣ ឧសភា នាឆ្នាំនេះ ពិភពលោកបានផ្តោតលើប្រធានបទ៖ “ផលប្រយោជន៍នៃព័ត៌មានចំពោះសាធារណជន”។ ប្រធានបទនេះមិនអាចថា មិនមានសម្លាក់សំខាន់បានឡើយ ហើយការរៀបចំទិវានេះឡើងក៏ដើម្បីចងចាំដល់អ្នកសារព័ត៌មានទាំងអស់នៅក្នុងលោកដែលបានបាត់បង់ជីវិតដោយសារការងាររបស់ពួកគេផងដែរ។
ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានដើរតួយ៉ាងសំខាន់នៅក្នុងវិស័យទាំងអស់ដូចជា៖
– នយោបាយ
– ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ព្រមទាំងការបោះឆ្នោតដោយសេរី និងយុត្តិធម៌
– យែនឌ័រ សិទ្ធិស្រ្តី សិទ្ធិកុមារ សិទ្ធិមនុស្សចាស់ និងសិទ្ធិភេទទី៣
– យុត្តិធម៌សង្គម តម្លាភាព ការទទួលខុសត្រូវក្នុងភាពជាអ្នកដឹកនាំ និងផលបែងចែកតាមបែបសមភាពនិងសមធម៌នៅក្នុងសង្គម
– សេដ្ឋកិច្ច ពាណិជ្ជកម្ម និងជំនួញ
– សង្រ្គាម និង សន្តិភាព
– រដ្ឋប្រហារ បាតុកម្ម កុបកម្ម
– ការសិក្សា អប់រំទាំងក្នុងនិងក្រៅប្រព័ន្ធ និងសីលមធ៌សង្គម
– ការប្រែប្រួលអាកាសធាតុ និងបរិស្ថាន (បញ្ហាទឹក ដី ក្រោមដី ព្រៃប្រឹក្សា ខ្យល់អាកាស អគ្គី និងជីវៈចម្រុះ ។ល។…..)
– សេរីភាពនៃជំនឿ និងសាសនា
– ទេសចរណ៍ កីឡា និងការកម្សាន្តគ្រប់ប្រភេទ អាហារ សិល្បៈ វប្បធម៌ ប្រពៃណី និងទនៀមទម្លាប់
– ចរាចរណ៍ផ្លូវគោក ទឹក អាកាស និងក្រោមដី ក្រោមទឹក
– ឧក្រិដ្ឋកម្ម (អំពើពុករលួយ ការកឹបកេងសម្បត្តិរដ្ឋ អំពើឃាតកម្ម្ ឆក់ ប្លន់ រំលោភ ល្បែងស៊ីសងខុសច្បាប់ ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ពិសេសស្រ្តីនិងកុមារ អំពើពេស្យា ការលាងលុយ និងការរត់ពន្ធខុសច្បាប់។ល។……..)
– បញ្ហាសុខភាព (ជំងឺកូវីដ-១៩, ជំងឺសា, ជំងឺរបេង, គ្រុនចាញ់, គ្រុនឈាម, គ្រុនឈឺក មហារីក, សុខភាពបន្តពូជ, មេរោគ/ជំងឺអេដស៍ និងកាមរោគ, សុខភាពមាតានិងទារក ថ្លើម សួត ក្រពះ ។ល។……)
– វិទ្យាសាស្ត្រ និង
– បញ្ហាសង្គមផ្សេងៗ ព្រមទាំងផលប្រយោជន៍នានាដែលទាក់ទិននឹងមនុស្សជាតិ។
មេដឹកនាំពិភពលោក និងរដ្ឋាភិបាលនានា រួមទាំងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិជាច្រើនត្រូវតែសហការឱ្យបានយ៉ាងជិតស្និទ្ធនិងឱ្យបានប្រសើរជាងមុនជាមួយប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។
ខណៈដែលពិភពលោក និងបណ្តាប្រទេសនានាបានចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីដោះស្រាយអ្វីៗគ្រប់យ៉ាងនៅលើផែនដី គឺមានប្រាក់តិចតួចណាស់សម្រាប់វិស័យសារព័ត៌មាន។
អ្នកទាំងអស់គ្នាពិតជាដឹងថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានគឺជាផ្នែកមួយនៃអាជីវកម្មដែរ ហើយពួកគេបានប្រឹងត្រដររស់ជារៀងរាល់ថ្ងៃ ដើម្បីបានសង្រ្គោះបុគ្គលិកផង និងបម្រើផលប្រយោជន៍សាធារណៈផង។
ខណៈដែលពិភពលោក និងបណ្តាប្រទេសនានាបានចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីដោះស្រាយអ្វីៗគ្រប់យ៉ាងនៅលើផែនដី គឺមានប្រាក់តិចតួចណាស់សម្រាប់វិស័យសារព័ត៌មាន។
អ្នកទាំងអស់គ្នាពិតជាដឹងថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានគឺជាផ្នែកមួយនៃអាជីវកម្មដែរ ហើយពួកគេបានប្រឹងត្រដររស់ជារៀងរាល់ថ្ងៃ ដើម្បីបានសង្រ្គោះបុគ្គលិកផង និងបម្រើផលប្រយោជន៍សាធារណៈផង។
ពិតជាមិនអាចប្រកែកបានទេដែលថា មេដឹកនាំពិភពលោក ថ្នាក់ដឹកនាំរដ្ឋ អ្នករៀបចំគោលនយោបាយ អ្នកនយោបាយ និងក្រុមមន្រ្តីអង្គការសង្គមស៊ីវីលជាច្រើន រួមទាំងអ្នកជំនួញខ្លះផងនៅលើព្រះធរណីនេះ បានព្យាយាមទាញយកប្រព័ន្ធផ្សព្វផ្សាយព័ត៌មានធ្វើជាឧបករណ៍បម្រើឆន្ទៈនិងផលប្រយោជន៍របស់ខ្លួន ប៉ុន្តែមិនចង់ចំណាយលុយឱ្យប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឡើយ។
សាកគិតបន្តិចទៅមើលហ៍! ស្ថាប័នរដ្ឋ និងមិនមែនរដ្ឋ ស្ថានទូត និងអង្គការសង្គមស៊ីវិលនានានៅក្នុងលោកមានកញ្ចប់ថវិកាប្រចាំឆ្នាំរបស់ខ្លួនជាប្រចាំ និងមានជំនួយតិចឬច្រើនពីក្នុងផងនិងក្រៅប្រទេសផងសម្រាប់ប្រាក់ខែមន្រ្តី បុគ្គលិក និងបង់ថ្លៃឈ្នួលអគារ ទិញយាន្តជំនិះតូចធំគ្រប់ប្រភេទ គ្រប់ម៉ាក មានខ្ទង់បង់ទឹក ភ្លើង សំរាម ពន្ធអាករ និងថ្លៃសេសេវាសាធារណៈផ្សេងៗទៀត រហូតមានប្រាក់សោធននិវត្តន៍ ចុះស្ថាប័នប្រព័ន្ធផ្សព្វផ្សាយព័ត៌មានវិញ បានលុយមកពីណា? ពួកគេប្រឹងត្រដររស់តាមរយៈ´ចំណូលផ្សាយពាណិជ្ជកម្ម ហើយបើការផ្សាយពាណិជ្ជកម្មណាដែលឃ្នើសចិត្តសាធារណជនតែបន្តិច ឬដំណឹងណាដែលរសើបតែបន្តិច នោះទម្ងន់នៃការបរិហារក៏មិនស្រាលនោះដែរ។
ជាងនេះទៅទៀត មន្រ្តីអង្គការសង្គមស៊ីវិលនានាទទួលប្រាក់ទាំងដុំៗពីម្ចាស់ជំនួយមកបំពេញការងាររបស់ខ្លួនបានបិទមាត់ឈឹង ប៉ុន្តែប្រសិនបើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទទួលយកប្រាក់ខ្លះពីគម្រោងនានាទាំងពីរដ្ឋាភិបាល និងមិនមែនរដ្ឋាភិបាល ក៏ចោទភ្លាមថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមិនឯករាជ្យ (Sic)។
សូមនិយាយដោយឡែកបន្តិចនៅកម្ពុជា។ ជាការណ៍ពិត នៅក្នុងប្រទេសមានអ្នកសារព័ត៌មាន៥ប្រភេទ៖
– ទី១. អ្នកសារព័ត៌មានរដ្ឋ ដែលជាមន្រ្តីរាជការ ក្នុងនោះមាន ទូរទស្សន៍ជាតិកម្ពុជា (TVK) វិទ្យុជាតិកម្ពុជា (RNK) និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ព្រមទាំងមន្រ្តីមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥។
– ទី២. អ្នកសារព័ត៌មានដែលបម្រើឱ្យក្រុមហ៊ុនឯកជនក្នុងស្រុក (មានថៅកែខ្មែរ និងបរទេស)។
– ទី៣. អ្នកសារព័ត៌មាន ដែលបម្រើឱ្យក្រុមហ៊ុនឯកជននិងរដ្ឋបរទេស មានដូជា AFP (របស់បារាំង), AP (របស់អាម៉េរិក), Kydo (របស់ជប៉ុន), Reuters (របស់អង់គ្លេស) Xinhua (រដ្ឋាភិបាលចិន), VOA (រដ្ឋាភិបាលអាម៉េរិក).…..។
– ទី៤. អ្នកសារព័ត៌មានរបស់អង្គការសង្គមស៊ីវិល ដែលទទួលលុយពីបរទេស។
– ទី៥. អ្នកសារព័ត៌មានគ្មានស្ថាប័នច្បាស់លាស់ គឺលក់អត្ថបទ និងរូបថតទៅឱ្យស្ថាប័នព័ត៌មានផ្សេងៗទៅតាមចិត្តខ្លួនចង់។
នៅទីនេះ ខ្ញុំសូមមិនរាប់បញ្ចូល អ្នកលេងហ្វេសប៊ុក ដែលខ្លួនតែម្នាក់ឯងជាថៅកែផង ជានិពន្ធនាយកផង ជាអ្នកយកព័ត៌មានផង ជាអ្នកថតរូបផង ថតវីដេអូផង ជាអ្នកទីផ្សាររកលុយផង និងជាអ្នកដោះស្រាយរាល់បញ្ហាផងនោះទេ ហើយក៏មិនបានរាប់បញ្ចូលអ្នកកាន់ក្បាលមីក្ផ្សាយផ្ទាល់ (LIVE) ពីព័ត៌មានមិនគ្រប់ជ្រុង តាមហ្វេសប៊ុក ដោយគ្មានជំនាញច្បាស់លាស់និងកង្វះក្រមសីលធម៌ និងអ្នកសារព័ត៌មានប្រជាពលរដ្ឋដែលរាយការណ៍តាមអារម្មណ៍ ឬតាមខ្យល់នោះដែរ។
សម្រាប់អ្នកសារព័ត៌មានអាជីព ខ្លួនត្រូវចេះសាមគ្គីគ្នា រួមជាកម្លាំងដើម្បីជួយសង្គម ទោះខ្លួនមាននិន្នាការនយោបាយ និងមនោគមន៍វិទ្យា ហើយទទួលប្រាក់បៀវត្សរ៍ជាខុសគ្នាទាំងរៀល និងដុល្លារក៏ដោយ។ សូមកុំរើសអើងគ្នា ហើយក៏កុំលើកតម្កើង
ក្អេងក្អាង និងមោទកភាពជ្រុលហួសគន្លង ថាខ្លួនជាអ្នកសារព័ត៌មានអ្នកឯករាជ្យ ឯគេជាអ្នកសារព័ត៌មានអាយ៉ងរបស់ក្រុមនេះ ឬក្រុមនោះ។
ជាការណ៍ពិតដែលមិនអាចប្រកែកបាន អ្នកសារព័ត៌មានទាំងអស់សុទ្ធតែជាអាយ៉ង គឺអាយ៉ងសង្គម និងអាយ៉ងមហាជន ឬក៏ថា អាយ៉ាងសាធារណៈ។ កិច្ចការរបស់អ្នកសារព័ត៌មានគឺដូចតែគ្នាទេ៖ ប្រមូលព័ត៌មាន សរសេរដំណឹង និងផ្សព្វផ្សាយដំណឹងច្បាស់លាស់ពេញលេញជូនសាធារណជន បើទោះជាខ្លឹមសារខ្លះផ្នែកនយោបាយក្នុងអត្ថបទទាំងសំណេរ សំឡេង និងរូបភាពរបស់កាសែត វិទ្យុ ទូរទស្សន៍ និងគេហទំព័រ ក៏ដូចជា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានចម្រុះ (Convergent Media) មានទិសខុសគ្នាក៏ដោយ។
យើង អ្នកសារព័ត៌មាន គឺនៅក្នុងពិភពតែមួយ ដោយយើងជាអាយ៉ងរបស់សង្គម និងអាយ៉ងមហាជន៕
********
ឆាយ សុផល
– អនុបណ្ឌិតសារព័័ត៌មាននៃសាកលវិទ្យាល័យ Ateneo de Manila ប្រទេសហ្វីលីពីន
– អនុបណ្ឌិតសារព័័ត៌មាននៃសាកលវិទ្យាល័យ Ateneo de Manila ប្រទេសហ្វីលីពីន
– បេក្ខជនបណ្ឌិតវិទ្យាសាស្រ្តនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា