អង្គការសហប្រជាជាតិ​បារម្ភ​ខ្លាច​វិបត្តិ​នៅ​ស៊ីរី​បែកធ្លាយ​ជា​ជម្លោះ​នៅ​ក្នុង​តំបន់

អង្គការសហប្រជាជាតិកំពុងព្រួយបារម្ភខ្លាចវិបត្តិអូសបន្លាយនៅក្នុងប្រទេសស៊ីរីបែក ធ្លាយជាជម្លោះនៅ ក្នុងតំបន់ ពិសេសនៅក្នុងប្រទេសលីបង់។ ការបារម្ភនេះបានកើតមាន ឡើង បន្ទាប់ពីមានការវាយប្រហារគ្នាយ៉ាងហិង្សារវាងក្រុមនិកាយសាសនា Sunnites និង Alaouites នៅក្នុងប្រទេសលីបង់នាប៉ុន្មានថ្ងៃចុងក្រោយនេះ។ អំពើហិង្សាដែលបាន បណ្តាលឲ្យស្លាប់មនុស្ស ៩នាក់ និងរបួស ៨៤នាក់ផ្សេងទៀត។ អង្គការសហប្រជាជាតិ បានអំពាវនាវឲ្យមានការគំាទ្រចំពោះកងទ័ព រដ្ឋាភិបាលលីបង់ និងបានចោទប្រកាន់ ប្រទេសអៀរ៉ង់ពីការបញ្ជូនគ្រឿងសព្វាវុធទៅឲ្យ ប្រទេសស៊ីរី។

ឥឡូវនេះ ការព្រួយបាម្ភ និងការសំឡឹងឃើញវិបត្តិនៅក្នុងប្រទេសស៊ីរីឆ្លងរាលដាលចូល ក្នុងប្រទេសលីបង់ត្រូវបានអង្គការសហប្រជាជាតិលើកឡើង ជាចំហហើយ។ ហានិភ័យ នៃអស្ថិរភាពនយោបាយនៅលីបង់ពិតជាមិនអាចចៀសរួច នេះជាការអះអាងរបស់លោក Jeffrey Feltman នៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃពុធ ទី២២ សីហាម្សិលមិញ។ លោក Jeffrey Feltman គឺជាអ្នកទទួលខុសត្រូវផ្នែកកិច្ច ការនយោបាយរបស់អង្គការសហប្រជាជាតិ។

លោក Jeffrey Feltman បានកត់សម្គាល់ឃើញថា ចំពេលដែលវិបត្តិនៅស៊ីរីកំពុងបន្ត ធ្លាក់ដុនដាប ស្ថានការណ៍នៅក្នុងប្រទេសលីបង់ក៏កាន់តែពុះកញ្រ្ជោលឡើងៗ ហើយ ការបន្តគំាទ្ររដ្ឋាភិបាលលីបង់ ព្រមទំាងកងទ័ព គឺជារឿងមួយមិនអាចខ្វះបាន។ យោង តាមលោក Jeffrey Feltman ភាពតានតឹងនៅផ្ទៃក្នុងលីបង់មានកាន់តែខ្លំាង និងដែល ងាយផ្ទុះឡើងដោយសារតែព្រឹត្តិការណ៍នៅក្នុងប្រទេសស៊ីរី។

ការអះអាងយ៉ាងដូច្នេះដោយលោក Jeffrey Feltman បានលើកយកករណីអតីតរដ្ឋ មន្រ្តីលីបង់ម្នាក់ដែលទើបចាប់ខ្លួនពីបទ បានព្យាយាមនំាយកគ្រឿងផ្ទុះពីស៊ីរីចូលលីបង់។ អ្នកទទួលខុសត្រូវរបស់អង្គការសហប្រជាជាតិរូបនេះដដែលបានសម្តែងការសោកស្តាយ ថា ការធ្វើចរាចរណ៍គ្រឿងសព្វាវុធនៅតាមបណ្តាយព្រំដែនរវាងលីបង់ និងស៊ីរីមាន លក្ខណៈងាយស្រួល និងមិនត្រូវបានត្រួតពិនិត្យម៉ត់ចត់ទេ។ ទន្ទឹមគ្នានេះ លោក Jeffrey Feltman ក៏បានចោទប្រទេសអៀរ៉ង់ដែលបានលួចបញ្ជូនអាវុធទៅឲ្យប្រទេសស៊ីរី ដែល នេះ ជាការរំលោភបំពានលើទ័ណ្ឌកម្មស្តីពីការនំាអាវុធចេញ និងដែលអៀរ៉ង់ខ្លួនឯង ក៏កំពុងជាប់ទ័ណ្ឌកម្មនេះដែរ៕ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close