សម្តេចតេជោ ប្រកាសថា កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការដែលគេចវេះមិនចាក់វ៉ាក់សាំង អាចនឹងបាត់បង់ការងារ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៧ មេសា ២០២១) ៖ នៅយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងតាមរយៈសារពិសេសមួយ ដោយប្រកាសថា នៅពេលខាងមុខ កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការដែលគេចវេសមិនចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អាចនឹងត្រូវបាត់បង់ការងារតែម្តង។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីសម្តេចបានទទួលរបាយការណ៍ថា ក្រោយរាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធនាការចាក់វ៉ាក់សាំង ដល់កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការស៊ីវិលជាបន្តបន្ទាប់ គឺមានមន្រ្តី២ប្រភេទ គឺទី១ អ្នកដែលចង់ចាក់វ៉ាក់សាំងឱ្យបានលឿន ដើម្បីការពារខ្លួន និងមួយទៀតជាមន្រ្តីដែលគេចវេះមិនចង់ចាក់វ៉ាក់សាំង។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាឱ្យក្រសួង-ស្ថាប័នទាំងអស់ ពិនិត្យមើលមន្រ្តីក្រោមឱវាទ ព្រមទាំងព្រមានកងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការទាំងអស់ ទៅចាក់វ៉ាក់សាំងការពារ មេរោគកូវីដ១៩ ឲ្យបានគ្រប់គ្នា ហើយប្រសិនបើកងកម្លាំង ប្រដាប់អាវុធណា ឬមន្ត្រីរាជកាណាខ្លាច និងមិនទៅចាក់វ៉ាក់សាំងនោះទេ នឹងមិនត្រូវអនុញ្ញាតឲ្យចូលធ្វើការនោះឡើយ រហូតដល់បានចាក់វ៉ាក់សាំងរួចទើបបានអនុញ្ញាតឲ្យចូល ខណៈមន្រ្តីខ្លះបានព្យាយាមគេចវេះ ពីការចាក់ដោយយកឡេះហេតុផលនេះ ហេតុផលនោះ ជាដើមនោះ៕